
ឯកឧត្តម សួន សុម៉ាលីន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១,១០០ម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១,១០០ម៉ែត្រ ទទឹង ៥ម៉ែត្រដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកមេសាងពិសេសប្រជាពលរដ្ឋក្នុងឃុំជីផុចទាំងមូល ដែលមានទីតាំងនៅចំណុចវត្តពោធិ៍សាលា (ហៅវត្តយាង) ស្ថិតនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តមអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកមេសាង នាយកទីចាត់ការសាលាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលស្រុកមេសាងព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១៣០អង្គ/រូប។
ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍លើកឡើងបន្ថែមថា ទាំងអស់នេះគឺជាសមិទ្ធផលថ្មីមួយរបស់ឃុំជីផុច ស្រុកមេសាងដែលបានទទួលផ្លូវបេតុងមួយខ្សែដ៏ស្រស់ស្អាតថ្មីស្រឡាងនាពេលខាងមុខនេះដោយថ្ងៃនេះគឺជាការបើកនៅការដ្ឋានសាងសង់សម្រាប់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពរហ័សមិនទាន់ពេលវេលាចំណេញ និងថវិកា។
នៅក្នុងនោះដែរ ប្រជាពលរដ្ឋក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែងដោយទទួលបានផ្លូវបេតុងមួយខ្សែនេះដោយផ្លូវទាំងអស់នេះពីមុនពិបាកធ្វើដំណើរតូចចង្អៀតជាពិសេសនៅរដូវវស្សាគឺមានភក់ ល្បាប់ ជាច្រើនដែលបង្កឱ្យមានការគ្រោះថ្នាក់ជាដើម។ ដល់ពេលនេះទទួលបានផ្លូវបេតុងយ៉ាងដូច្នេះងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរផងងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសាលានោះផងដែរ។