
បង្ក្រាបទីតាំងដេប៉ូឈើ១កន្លែង ផ្ទុកឈើល្មើសច្បាប់ជិត១០ម៉ែត្រគីប
(ខេត្តសៀមរាប)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបន្តចុះបង្ក្រាបទីតាំងដេប៉ូឈើ១កន្លែងទៀតហើយបានរកឃើញឈើល្មើសច្បាប់ចំនួន៨,២៣៩ម៉ែត្រគីប។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក នួន សារ៉ុន ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការសម្របសម្រួលនីតិវិធីដោយឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានបន្តចុះបង្រ្កាបដេប៉ូឈើ១កន្លែងទៀតក្នុងក្រុងសៀមរាប។
ម្ចាស់ទីតាំងឈ្មោះ ហ៊ឹម យឿន ភេទប្រុស អាយុ ៤៣ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមការពិនិត្យ និងវាស់វែងជាក់ស្តែងរួមមាន ឈើចំរុះសរុប ០៣PC ស្មើនឹង ៦៦,៨៦៧ម៉ែត្រគីប (PC គិតចាប់ពីឆ្នាំ២០២៤) វាស់វែងជាក់ស្ដែងមានចំនួន ៤៥,៤៧០ ម៉ែត្រគីប។ វិក័យបត្រលក់ឈើចេញចំនួន ១៦សន្លឹក ស្មើនឹង ២៨,៨៦៩ម៉ែត្រគីប។ សរុបឈើដែលសមត្ថកិច្ចដកហូតទាំងអស់ ៨,២៣៩ម៉ែត្រគីប។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។
កម្លាំងសមត្ថកចិ្ចចុះបង្ក្រាបនេះគឺបន្ទាប់ពីមានសេចក្តីរាយការណ៍យ៉ាងល្អិតល្អន់ពីលោកតាន់ គឹមសួរ អ្នកការពារព្រៃឈើនៅកម្ពុជា។ ទោះជាយ៉ាងនេះក្តីគេនៅមិនទាន់ដឹងថា សមត្ថកិច្ចខេត្តសៀមរាបនឹងបន្តចុះពិនិត្យដេប៉ូឈើស្របច្បាប់ក្នុងខេត្តសៀមរាបដែលលួចលក់ឈើល្មើសច្បាប់បានដល់ឫសគល់ដែរឬទេ? ព្រោះសព្វថ្ងៃគេសង្កេតឃើញមានក្រុមឈ្មួញដឹកជញ្ជូនជាហូរហែចេញពីខេត្តព្រះវិហារចូលមកខេត្តសៀមរាបយ៉ាងគំហុក។ មហាជនមានសង្ឃឹមយ៉ាងមុតមាំថា កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប និងសហការគ្នាបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យដល់ឫសគល់ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដើមឈើទាំងនោះផង៕