ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ឋផលនានាក្នុងវត្តដរានិគម (ហៅវត្តតាគ្រាប) ស្ថិតនៅស្រុកស៊ីធ័រកណ្ដាល

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់អង្គ និងសម្ពោធឆ្លងសមិទ្ឋផលនានា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងវត្តជរានិគម (ហៅវត្តតាគ្រាប) ស្ថិតនៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធ័រកណ្ដាល ខេត្តព្រៃវែង។

ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។ ទីអារាមក៏អាចចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់នៅក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ ហើយក៏បន្តការអនុវត្តគោលនយោបាយសម្រាប់កុមារ និងយុវជនក្រីក្ររបស់យើង។

ទីអារាមបានក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាក្នុងពេលដែលចាស់ទៅអាចត្រូវការសុំសីលមួយចំនួនក៏ត្រូវបានមកស្នាក់នៅនឹងទីអារាម។ កុមារ និងយុវជនមួយចំនួនដែលខ្វះលទ្ធភាពក៏បានប្រើប្រាស់ទីអារាម មួយចំនួនក៏បានបួស ហើយបន្តការសិក្សា។ ឯមួយចំនួនក៏បានមកស្នាក់នៅតាមទីអារាមដើម្បីទទួលបាននូវការស្នាក់នៅហើយបន្តការសិក្សា។ ទាំងអស់នោះហើយដែលជាផលប្រយោជន៍សម្រាប់សង្គមជាតិ។

ឯកឧត្ដមអភិបាលខេត្តបន្តថា សមិទ្ធផលដ៏ថ្លៃថ្លានេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ព្រះចៅអធិការវត្តតាំងពីជំនាន់មុនមករួម ជាមួយនឹងអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ពុទ្ធបរិស័ទមកពីចំងាយ មកពីខេត្តផ្សេងៗ។ សមិទ្ធផលនានាក្នុងវត្តនេះគឺកើតចេញពីសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋ ទាំងអស់គ្នាដែលជាមហាពុទ្ធសាសនិកដែលតែងតែរួមចំណែកក្នុងការថែរក្សានូវពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

លោក យឹម យូគង់ អភិបាលស្រុកស៊ីធរកណ្តាលបានឱ្យដឹងថា នៅក្នុងវត្តដរានិគមន៍ ហៅវត្តតាគ្រាបដែលប្រារព្ធបុណ្យឆ្លងនាពេលនេះមាន៖
១-ក្លោងទ្វារ ចំនួន១
២-ចាក់សាបក្នុងបរិវេណវត្ត
៣-សាងសង់សាលាធម្មសភា ១ខ្នង ទំហំ ១០ ម គុណនឹង ១៥ ម
៤-ជួសជុល និងកែលម្អរព្រះវិហារដែលចំណាយថវិកាអស់ចំនួន ២២២,១៣៧,៥០0រៀល។

ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានប្រគេនបច្ច័យសម្រាប់ទុក្ខតម្កល់កសាងនៅក្នុងវត្តនោះចំនួន ២០លានផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare