
មន្ត្រីជំនាញកំពុងស្រាវជ្រាវករណីវិវាទរវាងប៉ូលីសចរាចរណ៍ និងម្ចាស់រថយន្តពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតីរហូតដល់មានការចោទថា ប៉ូលីសចរាចរណ៍បានលួច memory ក្នុងរថយន្ត
(ភ្នំពេញ)៖ ក្រោយផ្ទុះវិវាទរវាងប៉ូលីសចរាចរណ៍ និងម្ចាស់រថយន្តពាក់ព័ន្ធការប្រើប្រាស់ស្លាកលេខមិនប្រក្រតីរហូតដល់មានការចោទថា ប៉ូលីសចរាចរណ៍នោះបានលួច memory ក្នុងរថយន្ត មន្រ្តីនាំពាក្យប៉ូលីសរាជធានីភ្នំពេញក៏បញ្ជាក់ថា ថ្នាក់លើកំពុងស្រាវជ្រាវហើយ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិទ្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យមន្ត្រីជំនាញកោះហៅមន្រ្តីប៉ូលីសចរាចរណ៍ទាំង៣រូបដែលរងការចោទប្រកាន់នោះទៅសាកសួររួចរាល់ហើយ ហើយបន្ទាប់មក សមត្ថកិច្ចនឹងបន្តហៅម្ចាស់រថយន្តទៅបំភ្លឺតាមក្រោយ ដើម្បីស្វែងរកការពិតថា តើប៉ូលីសចរាចរណ៍ពិតជាលួច Memory ក្នុងរថយន្តឬក៏មិនមែន? អ្នកនាំពាក្យរូបនេះបញ្ជាក់ដូច្នេះថា៖ «ឯកឧត្តមស្នងការកំពុងឱ្យមន្រ្តីជំនាញធ្វើការងារនេះហើយ»។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បុរសម្នាក់បើករថយន្ត Lexus 350 ពណ៌ស ត្រូវប៉ូលិសចរាចរណ៍ចាប់ផាកពិន័យ ១លាន២០ម៉ឺនរៀលនៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារពិនិត្យឃើញស្លាកលេខមិនប្រក្រតី។ រំលងបានប៉ុន្មានថ្ងៃ ម្ចាស់រថយន្តបានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្តតែម្ដង៕