គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល
(កំពង់ស្ពឺ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្សជាច្រើនអ្នកទៀតរងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តដឹកកម្មករប៉ះជាមួយរថយន្តដឹកឈើ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក HYUNDAI MIGHTY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F 5022 បើកបរពីកើតទៅលិចអ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនក្រោយកើតហេតុ ដឹកកម្មករបេះផ្លែស្វាយ ចំនួន១០នាក់រួមមាន៖
១. ឈ្មោះ វីង ធីដាវ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រងរបួសបាក់ជើងខាងស្តាំ បច្ចុប្បន្នរស់នៅខេត្តកណ្តាល។
២. ឈ្មោះ ទុំ ចន្តា ភេទប្រុស អាយុ៤៩ឆ្នាំ រងរបួសស្រាល រស់នៅខេត្តព្រៃវែង។
៣. ឈ្មោះ ពុធ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ។
៤. ឈ្មោះ ជា ហេង ភេទប្រុស អាយុ៦៣ឆ្នាំ រងរបួសស្រាល។
៥. ឈ្មោះ ឆាយ សយ ភេទប្រុស អាយុ៥២ឆ្នាំរងរបួសស្រាល។
៦. ឈ្មោះ ពុំ ពឿន ភេទប្រុសអាយុ៤៤ឆ្នាំ រងបួសស្រាល ។
៧. ឈ្មោះ សុន ផល្លា ភេទប្រុស អាយុ៣២ឆ្នាំរងរបួសស្រាល។
៨. ឈ្មោះ ទំ ដានី ភេទប្រុស អាយុ២០ឆ្នាំរងបួសស្រាល។
៩. ឈ្មោះ គង សារ៉ុង ភេទប្រុស អាយុ២៤ឆ្នាំរងបួសស្រាល។
១០. ឈ្មោះ សែង ដានុត ភេទប្រុសអាយុ១៩ឆ្នាំ រងរបួសស្រាល។
បើកបរមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកកម្មករបានបែកកងរ៉េចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៌ខៀវពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-4502 បើកបរពីលិចទៅកើតដឹកគ្រឿងឈើដើរលក់ អ្នកបើកបរឈ្មោះ វ៉ន ឆេន ភេទប្រុស អាយុ៤៨ឆ្នាំ រងរបួសស្រាល អ្នករួមដំណើរម្នាក់ឈ្មោះ ម៉ក់ ដា ភេទស្រី អាយុ៣៨ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ អ្នកទាំងពីររស់នៅភូមិព្រៃផ្តៅ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបន្តទៀតថា បណ្តាលឱ្យរថយន្តដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវចាក់កម្មករចោលតែម្តង។ ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
សពជនរងគ្រោះបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រង់ចាំដោះស្រាយនៅពេលក្រោយ៕