សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី

(មណ្ឌលគីរី)៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងអាជ្ញាធរ​មូល​ដ្ឋានបានរកឃើញទីតាំងលាក់ឈើខុសច្បាប់ចំនួន០៣កន្លែងដែល​ជនសង្ស័យបានលួចលាក់កប់យ៉ាងជ្រៅក្នុងដី។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានលើកឡើងថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់នៅអតីតដីសម្បទានសេដ្ឋកិច្ចមួយកន្លែងនៅខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សនៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់បានចូលរួមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចបានសហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីកន្លែង​កើតហេតុខាងលើហើយបានរកឃើញទីតាំងលាក់ឈើមានចំនួន​០៣ន្លែងដែលជនសង្ស័យបានលួចលាក់ទុកក្នុងដី។ 

សមត្ថកិច្ចមានការសង្ស័យក្នុងជំហានដំបូងថា ជនល្មើសអាចកប់ចោល​ឈើក្នុងដីក្នុងកំឡុងពេលដែលមានគណៈកម្មធិការថ្នាក់ជាតិចុះការបង្ក្រាបកាលពីឆ្នាំ២០១៥។ ជាលទ្ធផលក្រុមការងារបានបង្ក្រាបនិងដកហូតឈើដូចខាងក្រោម៖
ទី១. ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើ​មូលប្រភេទឈ្លីជចំនួន ១២កំណាត់ស្មើនឹង១,៩២ម៉ែត្រត្រីគុណដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០%-២៥%។
ទី២. ទីតាំងខាងលើជាអតីតរោងស្នាក់នៅរបស់កម្មករអតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រមចំនួន ១៣០សន្លឹក ស្មើ៣,៥២​ម៉ែត្រត្រីគុណដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ៣០%។
ទី៣. ទីតាំងដែលជនសង្ស័យបានកប់ក្នុងដីក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូលចម្រុះចំនួន១៩កំណាត់ស្មើនឹង១,៣៨៣ម៉ែត្រគូប គុណភាពប្រមាណ២០%។

យោងតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើប្រតិបត្តិការកម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះ។ ក្រុមការងារបានប្រមូលវត្ថុតាងមករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីបន្តចាត់ការតាមនីតិវិធី។

លោកបានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការស្នូលចំនួន៤ចំណុចដើម្បីគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈការអភិវឌ្ឍគម្រោងលំហែបៃតង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare