សិស្សានុសិស្សជាង ២០០នាក់ក្នុងស្រុកបន្ទាយស្រីទទួលបានអំណោយជាសម្ភារៈសិក្សា និងកង់ពីសប្បុរសជននៅប្រទេសចិន

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សិស្សានុសិស្សចំនួន ២០០នាក់មកពីសាលាចំនួន៦ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលអំណោយជាសម្ភារៈសិក្សា និងកង់ ពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទតាមរយៈវេទិកាសម្ព័ន្ធសង្គមសុីវិលនៃទីស្ដីការគណៈរដ្ឋមន្ត្រីដែលពិធីទទួលនេះធ្វើឡើងក្រោមវត្តមាន លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក រិន ឡូត អភិបាលស្រុករួមនឹងតំណាងម្ចាស់អំណោយដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

លោក ចាង សិនយៀក (Zhang Shenyue) តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានបង្ហាញថា កន្លងមកក្រុមការងារតែផ្ដល់អំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សជាបន្តបន្ទាប់នៅក្នុងស្រុកបន្ទាយស្រី។ ជាក់ស្ដែងការផ្ដល់អំណោយនាពេលនេះគឺជាការចូលរួមសម្រួលការលំបាក និងជីវភាពរបស់ប្អូនៗសិស្សានុសិស្សនៅតាមតំបន់ជនបទឱ្យពួកគាត់មានសម្ភារៈសម្រាប់សិក្សា និងធ្វើដំណើរមកសាលារៀនហើយក៏ជាកត្តាជួយកាត់បន្ថយកត្តាបោះបង់ការសិក្សារបស់កុមារតាមតំបន់ជនបទ។

លោក ចាង យ៉ុង (Zhang Rong) តំណាងក្រុមហ៊ុន Hello Inc បានឱ្យដឹងថា តាមរយៈអំណោយជាសម្ភារៈសិក្សា និងកង់ដែលបានផ្ដល់ជូននេះវានឹងជួយសម្រួលបានមួយកម្រិតក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃរបស់ប្អូនៗ ពិសេសសិស្សានុសិស្សដែលមានលំនៅដ្ឋានឆ្ងាយពីសាលារៀនហើយមានជីវភាពខ្វះខាត អាចមានសម្ភារៈសិក្សាប្រើប្រាស់ និងធ្វើដំណើរ។ ក្នុងនោះសូមឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យក្លាយជាក្មេងល្អ សិស្សពូកែ ព្រោះមានតែចំណេះវិជ្ជាតែមួយគត់ដែលអាចជួយកូនៗកសាងខ្លួនមានអនាគតល្អក្លាយខ្លួនជាទំពាំងស្នងឫស្សីដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។

លោក លីវ វិនជឺ តំណាងមូលនិធិចិន Peach Land មានប្រសាសន៍ថា តាមរយៈការផ្ដល់អំណោយដល់កុមារកម្ពុជានាពេលនេះ វានឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសទាំង២ កម្ពុជា-ចិនឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។ ទំនាក់ទំនងយ៉ាងសំខាន់រវាងប្រទេសទាំងពីរតាមរយៈអំណោយនាពេលនេះមិនត្រឹមតែអនុវត្តសកម្មភាពដែលឆ្លើយតបនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវប៉ុណ្ណោះទេ ថែមទាំងបានរួមគ្នាកសាងសហគមន៍ អនាគតរួមគ្នាបង្ហាញភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រីបានថ្លែងអំណរគុណដល់សប្បុរសជនប្រទេសចិនដែលជានិច្ចកាលតែងផ្ដល់អំណោយជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ដល់សិស្សានុសិស្សក្នុងស្រុកបន្ទាយស្រីជាបន្តបន្ទាប់ក្នុងន័យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការជំរុញវិស័យអប់រំពីទីក្រុងដល់ជនបទ។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមគ្រូពេទ្យនៃខេត្តយូណាន ប្រទេសចិនក៏បានចុះពិនិត្យ និងព្យាបាលជូនកុមារដែលមានជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃក្នុងស្រុកបន្ទាយស្រី ដើម្បីស្វែងរកកុមារដែលមានជំងឺបេះដូងចំហពីកំណើតដើម្បីយកទៅព្យាបាលនៅប្រទេសចិន។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ត្រូវតាមដានរាល់សកម្មភាពកូនៗរបស់ខ្លួនជាពិសេសយកចិត្តទុកដាក់បញ្ជូនកូនទៅសាលារៀនឱ្យពួកគាត់បានរៀនសូត្រគ្រប់ៗគ្នាព្រោះពួកគាត់នេះហើយគឺសុទ្ធតែជាអ្នកដឹកនាំប្រទេសជាបន្តនាថ្ងៃអនាគត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare