មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យ និងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណៈរបស់រោងចក្រមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារក្រសួងបរិស្ថានបានសហការជាមួយមន្រ្តីនៃរដ្ឋបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុបានចុះត្រួតពិនិត្យករណីបំពុលទឹកព្រែកកំពង់ស្មាច់ ស្ថិតក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញសំណល់រាវ របស់រោងចក្រ KOBON (CAMBODIA) BIOTHECHNOLOGY CO .,LTD. ស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កន្លងមកមានករណីរាយការណ៍ថា ប្រភពទឹកក្នុងតំបន់ខាងលើអាចជាករណីបណ្តាលឱ្យមានត្រីងាប់ខ្លះៗផងដែរ។

ក្រុមការងារពិនិត្យឃើញថា រោងចក្រខាងលើបានកំពុងដំណើរការកែច្នៃស្បែកគោដើម្បីផលិតចេញជាផលិតផលជេឡាទីន(Gelatin)។ រោងចក្រមានអាងប្រព្រឹត្តិកម្មសំណល់រាវប៉ុន្តែពុំមានការថែទាំ និងស្តារសម្អាតត្រឹមត្រូវតាមគោលការណ៍បច្ចេកទេសឡើយ។ ជាមួយគ្នានេះដែរ នៅតាមដងអូរព្រែកផ្អាវដែលស្ថិតនៅផ្នែកខាងត្បូងទីតាំងក្រុមហ៊ុនដែលលាតសន្ធឹងពីកើតទៅលិច ស្ថិតនៅចំណុចជាប់នឹងរបងដីនៃទីតាំងក្រុមហ៊ុនឃើញមានទឹកពណ៌ខ្មៅដែលអាចជា ជាប្រភេទទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន នាពេលកន្លងមកតាមរយៈប្រឡាយចំហ។

ក្រុមការងារក៏បានរកឃើញមានបំពង់ទុយោបង្កប់ (ទំហំមុខកាត់៤០សម) ប្រវែងប្រមាណ ២គីឡូម៉ែត្រពីទីតាំងក្រុមហ៊ុនសម្រាប់បង្ហូរសំណល់រាវចេញទៅព្រែកកំពង់ស្មាច់ដែលស្ថិតនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ផងដែរ។

សូមបញ្ចាក់ថា ការបំពុលទឹកដោយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ និងសុខភាពសាធារណៈគឺជាល្មើសទៅនឹងមាត្រា២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងល្មើសនឹងមាត្រា ៤ និងមាត្រា៦ និងមាត្រា៩ថ្មីនៃអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹក។

ជាវិធានការចំពោះមុខ ក្រុមការងារបានណែនាំដល់ក្រុមហ៊ុនត្រូវអនុវត្តនូវវិធានការជាបន្ទាន់មួយចំនួនដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈដោយការបង្ហូរទឹកកខ្វក់ចេញដោយគ្មានការត្រួតពិនិត្យ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ជាមួយនេះគ្នាក្រុមការងារបានណែនាំឱ្យម្ចាស់ក្រុមហ៊ុនត្រូវបញ្ឈប់ការបង្ហូរសំណល់រាវពីខ្សែចង្វាក់ផលិតកម្មពីទីតាំងក្រុមហ៊ុនចូលព្រែកអូរផ្អាវជាបន្ទាន់ដោយត្រូវធ្វើការបិទភ្ជិតប្រឡាយបង្ហូរសំណល់រាវចូលព្រែកផ្អាវទាំងអស់ និងពីទីតាំងក្រុមហ៊ុនឆ្ពោះទៅដល់ព្រែកកំពង់ស្មាច់ផងដែរ។ លើសពីនេះ ក្រុមហ៊ុនត្រូវធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវ និងដំណើរការឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងធានាគុណភាពសំណល់រាវ ដោយអនុលោមតាមស្តង់ដាបញ្ចេញ និងត្រូវធ្វើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្ត។ លើសពីនេះក្រុមហ៊ុនត្រូវធ្វើការស្តារទឹកសំណល់ និងភក់នៅតាមដងអូរព្រែកផ្អាវដែលរងការបំពុល ចាប់ពីចំណុចទីតាំងក្រុមហ៊ុនរហូតដល់ព្រែកកំពង់ស្មាច់ដើម្បីស្តារបរិស្ថានឱ្យបានស្អាតឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារកំពុងបន្តចុះជួបប្រជាពលរដ្ឋដើម្បីសិក្សាវាយតម្លៃពីផលប៉ះពាល់ផ្ទាល់ពីការបំពុលបរិស្ថានដោយរោងចក្រខាងលើបន្ថែមទៀត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare