ទីតាំងល្បែងអនឡាញយីហោ 7777 ជាច្រើនកន្លែងកំពុងរីករាលដាលនៅស្រុកមុខកំពូល សូមឯកឧត្តមអភិបាលខេត្តជួយត្រួតពិនិត្យផងទាន

(ខេត្តកណ្ដាល)៖ ទីតាំងល្បែងស៊ីសងឆ្នោតឡូតូ ការេ 7777 តាមប្រព័ន្ធអនឡាញ និងមាន់ជល់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងដាក់បង្កប់ក្នុងហាងកាហ្វេដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាលដែលមិនរំខានដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសោះឡើយ ឬមួយជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មានបុគ្គលម្នាក់ដែលជាម្ចាស់ហាងកាហ្វេជាមិត្តភក្តិរបស់លោកអភិបាលស្រុកដែលទើបនឹងឡើងថ្មីថែមទៀតផង តើរឿងនេះពិតដែរឬទេ?

ពលរដ្ឋសំណូមពរ សូមមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានចុះបង្ក្រាប និងឯកឧត្តម ឧត្តមសេនីយ៍ទោឈឿន សុខចិត្ត ជាពិសេស និង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សូមលោកឯកឧត្តម ជួយចាត់កម្លាំងក្រោមឱវាទចុះបង្ក្រាបទីតាំងខាងលើដោយក្ដីអនុគ្រោះផងដើម្បីឱ្យស្របតាមគោលនយោបាយ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព។

យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្តឱ្យចាត់វិធានការ​​​​​​រុះរើ និងហាមដាក់ផ្ទាំងបដា​ផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈលើកលែងបដាតាមកាស៊ីណូស្របច្បាប់លើសពីនេះលោករដ្ឋមន្រ្តីថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការ​​​ដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ខេត្ត/ក្រុង/រាជធានី តម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយនូវប្រភេទថ្នាំដែលមានសារធាតុញៀនខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយព្រមទាំងរង់ចាំទទួលការបកស្រាយពីភាគីស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare