លោកឈឿង ឈឹង ដែលជាអ្នកសារព័ត៌មានម្នាក់បម្រើការងារនៅអង្គភាពកម្ពុជាអភិវឌ្ឍន៍ បានទទួលមរណភាពហើយ

(ខេត្តសៀមរាប)៖ លោកឈឿង ឈឹង ដែលជាអ្នកសារព័ត៌មានម្នាក់បម្រើការងារនៅអង្គភាពកម្ពុជាអភិវឌ្ឍន៍បានទទួលមរណភាពហើយកាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អ្វីដែលគួរឱ្យអាណិតអាសូរជាពន់ពេកនោះគឺលោកឈឿង ឈឹង ជាអ្នកសារព័ត៌មានម្នាក់ដែលសកម្មក្នុងការចុះយកព័ត៌មានក្នុងខេត្តសៀមរាបប៉ុន្តែមានជីវភាពទីទ័លក្រដូច្នេះសូមសប្បុរសជនទាំងអស់ជួយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងចូលបុណ្យតាមសទ្ធាជ្រះថ្លាផង។

គួររំលឹកផងដែរថា លោកឈឿង ឈឹង ដែលជាអ្នកសារព័ត៌មានម្នាក់ដែលត្រូវបានខ្មាន់កាំភ្លើងលួចបាញ់ប្រហារកាលពីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៦ល្ងាចហើយក៏ បានបញ្ជូនដល់មន្ទីរពេទ្យតែនៅមិនទាន់មានការវះកាត់។

បន្ទាប់ពីមានករណីលបលួចបាញ់ប្រហារនេះរំលងបានមួយថ្ងៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏ចេញប្រតិបត្តិការចុះស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ី លឿយ។

ក្នុងនោះដែរសមត្ថកិច្ចបានបង្ហាញថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទី មានករណី: ប៉ុនប៉ងឃាតកម្ម ( បាញ់ដោយអាវុធកែច្នៃ ) នៅត្រង់ចំណុចដីចម្ការត្រពាំងរាំងស្ថិតក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែងដែលបង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពប្រើអាវុធកែច្នៃពួនក្បែរគល់ឈើ លបបាញ់ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន កម្ពុជាអភិវឌ្ឍន៍ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបចំនួន០១គ្រាប់ត្រូវចំត្រង់ពោះពីចំហៀងផ្នែកខាងឆ្វេងទៅពោះផ្នែកខាងស្តាំ (បៀមគ្រាប់ជាប់) ក្រោយពីធ្វើសកម្មភាពហើយជនដៃដល់បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាបបានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ចាត់មន្រ្តីក្រោមឱវាទ ដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឡាយ សុជីវ័ន្ត ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការនគរបាលស្រុកជីក្រែងចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ជុំវិញករណីនេះរហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចកំណត់បានអត្តសញ្ញាណ និងនាំខ្លួនឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ី លឿយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពករណីខាងលើនេះពិតប្រាកដមែនគឺជាទំនាស់បុគ្គល។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ
សមត្ថកិច្ចដកហូតបានពីជនដៃដល់៖
១-គោយន្តកន្ត្រៃចំនួន០១
២-កាំភ្លើងកែច្នៃ ( កាំភ្លើងឆ្នុក ) ចំនួន០១
៣-កាណុងសេកាសេចំនួន ០១ដើម
៤-កូនកាំបិតចំនួន ០១
៥-គ្រាប់កាំកង់ចំនួន ៦៤គ្រាប់
៦-គីប (ក្បាលគ្រាប់រំសេវសំបកក្រហម) ចំនួន ៦២គ្រាប់
៧-កូនសោលេខ១០ ចំនួន០២
៨-កាបូបស្ពាយចំនួន០១ រំសេវកន្លះដប។

បច្ចុប្បន្នជនដល់ដៃដល់ខាងលើត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងដ្ឋាននគរបាលខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់។  

ជម្រាបថា ប្រតិបត្តិការនេះដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូលអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare