សាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ដល់ប្រជាពលរដ្ឋជាពិសេស ក្មេងៗ កុមារា កុមារីបានមកចូលរៀន យ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ
(ខេត្តព្រៃវែង)៖ នេះបើតាមការបញ្ជាក់របស់លោកស្រី ឯក សុវណ្ណារ៉ា នាយិកាសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលបានឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះថា សាលាមត្តេយ្យរបស់រដ្ឋនេះស្ថិតនៅស្រុកពារាំង ខេត្តព្រៃវែង ក្នុងសាលានេះមានសិស្សចំនួន ២៩៣នាក់ ស្រីចំនួន ១៣៣នាក់ និងបុគ្គលិក ១០នាក់ អ្នកគ្រូចំនួន ៧ គ្រូជាប់កិច្ចសន្យាចំនួន ៧ នាក់ ដោយបែងចែកជាបីកម្រិត មានកម្រិតទាប មធ្យម និងកម្រិតខ្ពស់ដោយទទួលសិស្សចូលរៀនចាប់ពីអាយុ ៣ រហូតដល់ ៥ឆ្នាំ។
ការរៀបចំតុបតែងសោភណ្ឌភាពបានធ្វើឱ្យមានភាពស្រស់ស្អាតនៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលនេះគឺបានតាមរយៈការជួយជ្រោមជ្រែងណែនាំចង្អុលបង្ហាញពីគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺលោក បណ្ឌិត ភីតផល្លី និងលោកស្រីដែលជាអ្នកឧបត្ថម្ភគាំទ្រ មានទាំងសម្ភារៈក្មេងលេងជាច្រើន រៀបចំតុបតែងធ្វើឱ្យសាលាបានស្អាត និងបរិស្ថានល្អផងដែរ ។
ជាមួយគ្នានោះផងដែរ អាណាព្យាបាលសិស្សានុសិស្សដែលបាននាំកូនមករៀននៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពលនេះក៏បានលើកឡើងផងដែរថា កូនគាត់បានមករៀននៅទីនេះគឺសប្បាយចិត្តចង់មករៀនហើយចង់មកទៀត ចំណែកឯបញ្ញាស្មារតី ចំណេះដឹងរបស់គាត់ក៏មានការរីកចម្រើនផងដែរព្រោះថានៅក្នុងសាលានេះអ្នកគ្រូៗបានខិតខំយកចិត្តទុកដាក់បង្រៀនកូនគាត់បានយ៉ាងល្អហើយម្យ៉ាងទៀតនោះសាលានេះក៏មានសោភណ្ឌភាពស្អាត អនាម័យល្អដែលធ្វើឱ្យទឹកចិត្តកូនៗរបស់គាត់ចង់មករៀនមិនដែលខាននោះទេ៕