ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបករណ៍ជិត ២ពាន់កន្លែងទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

ពីវេទិកាអធិបតីនៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ បណ្ណាល័យ ក្នុងសាលាបឋមសិក្សាពងពស់ និងផ្លូវបេតុង ប្រវែង ៤៦០០ម៉ែត្រស្ថិតនៅក្នុងវត្តពងពស់ ភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាហារូបករណ៍ ស សុខា បានផ្តល់ជូនក្មួយៗសិស្សានុសិស្សក្នុងរយៈពេលដ៏ខ្លីសរុបជិត ២ពាន់កន្លែងនៅតាមស្ថាប័នគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន។

ឯកឧត្តម អភិសន្តិបណ្ឌិតបានរំលឹកថា កន្លងមកអាហារូបករណ៍ ស សុខា ដែលបានផ្ដល់ជូនសិស្ស-និស្សិតមានចំនួនច្រើនដែរ ប៉ុន្តែនិន្នាការនៃការស្នើសុំហាក់ដូចជាពុំសូវពុះកញ្ជ្រោលដូចឆ្នាំនេះទេពោលគឺឆ្នាំកន្លងទៅ មានអាហារូបករណ៍នៅសល់ជាច្រើនកន្លែង ទោះបីជាមានចលនាជំរុញ និងលើកទឹកចិត្តយ៉ាងសកម្មក៏ដោយ។ ឯកឧត្តមបានបន្ថែមថា «ឆ្នាំនេះ គិតត្រឹមតែជាង ១០ថ្ងៃ អាហារូបករណ៍រាប់ពាន់កន្លែងត្រូវបានផ្ដល់ជូនសិស្សានុសិស្សទាំងអស់។ ក្រុមការងារកំពុងស្នើសុំបន្ថែមទៀតដើម្បីបំពេញតម្រូវការរបស់ក្មួយៗ បានសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សាដែលនេះគឺជាបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំ»។

ភ្ជាប់នឹងប្រធានបទស្ដីពីអាហារូបករណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថាវិស័យអប់រំគឺជាថ្នាលបណ្តុះបណ្ដាលមួយដ៏មានសារសំខាន់បំផុតសម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលជាយុវជនបន្តវេន និងចូលរួមអភិវឌ្ឍសង្គមជាតិប្រទេសជាតិឱ្យកាន់តែរីកចម្រើនរឹងមាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថល និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១។

ជាមួយគ្នានោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសង្កេតឃើញថា សិស្សានុសិស្សដែលទើបប្រឡងចប់សញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិនាពេលកន្លងទៅនេះ ដោយមានអាយុខ្លះទើបតែ ១៦ឆ្នាំប៉ុណ្ណោះ បានប្រឡងជាប់ និងឈានជើងចូលទៅសិក្សានៅថ្នាក់ឧត្តមសិក្សាដែលជាកត្តាមួយបានបង្ហាញថា វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនជាលំដាប់។ ឯកឧត្តម អភិសន្តិបណ្ឌិតបានជំរុញឱ្យអាណាព្យាបាលបន្តលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់កូនៗឱ្យខិតខំសិក្សា និងបន្តគាំទ្រពួកគេឱ្យសម្រេចចិត្តតាមចំណង់ជំនាញ សមត្ថភាព និងទេពកោសល្យសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុងប្រវែង ៤៦០០ម៉ែត្រ នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ដែលលោកទាំងពីរតែងតែមានការយកចិត្តទុកដាក់រួមចំណែកគាំទ្រវិស័យអប់រំជាមួយរាជរដ្ឋាភិបាលគ្រប់នីតិកាល៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare