មូលនិធិអាកាសធាតុបៃតងជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធីដើម្បីក្លាយជាស្ថាប័នមានសម្បទាទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ
(ទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Benedict Augustine Vickers មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងការប្រើប្រាស់ដីនិងព្រៃឈើរបស់មូលនិធិអាកាសធាតុបៃតង (Green Climate Fund : GCF) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ដោយបាននឹងកំពុងរៀបចំក្របខណ្ឌគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ២ (២០២៤-២០៣៣) និងយុទ្ធសាស្ត្ររយៈពេលវែងអព្យាក្រឹត្យកាបូន របាយការណ៍ការតម្លាភាព ២ឆ្នាំម្តង និងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីក្លាយជាស្ថាប័នដែលមានសម្បទាក្នុងការទទួលបានមូលនិធិដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។
លោកបណ្ឌិត Benedict Augustine Vickers បានអបអរសាទរ និងកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តគម្រោងនានា និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងលើកទឹកចិត្តឱ្យកម្ពុជាបង្កើនល្បឿនរៀបចំសំណើសុំជាស្ថាប័នមានសម្បទា (Accredited Entity)សម្រាប់ GCF ជាមួយគ្នានេះដែរកម្ពុជាគួរដាក់សំណើគម្រោងសុំការគាំទ្រពីហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង តាមរយៈ Direct Access Window សម្រាប់ប្រទេសកម្ពុជា។