លោក ដូណាល់ ត្រាំ ជាប់ឈ្មោះជាប្រធានាធិបតីអាមេរិកទី២ ក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់ចាញ់ឆ្នោតម្តងហើយអាចត្រឡប់មកទទួលជ័យជម្នះឡើងវិញ

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីលោកដូណាល់ ត្រាំ ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤នេះ រូបលោកបានជាប់ឈ្មោះជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលធ្លាប់ចាញ់ឆ្នោតម្តងរួចហើយក៏ប៉ុន្តែ​អាចត្រឡប់មកទទួលជ័យជម្នះសារជាថ្មី។

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មីបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយការប្រកាសលទ្ធផលបានបង្ហាញឱ្យឃើញថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ បានយកឈ្នះគូប្រជែងគឺអនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ។

លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក ជាលើកដំបូងកាលពីឆ្នាំ២០១៧ ក្រោយផ្តួលគូប្រកួតនាពេលនោះគឺលោកស្រី ហ៉ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោតឆ្នាំ២០១៦។ យ៉ាងណាមិញ លោក ត្រាំ បានទទួលបរាជ័យ ក្រោមដៃ លោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០ ហើយត្រូវចាកចេញពីសេតវិមាន កាលពីដើមឆ្នាំ២០២១ បន្ទាប់ពីឈ្នះឆ្នោតនៅឆ្នាំ២០២៤នេះ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ នៅដើមឆ្នាំក្រោយ។

គួរបញ្ជាក់ថា មុនលោក ត្រាំ មានតែប្រធានាធិបតីអាមេរិកម្នាក់គត់ដែលធ្លាប់ចាញ់ឆ្នោតម្តងរួចហើយអាចត្រឡប់មកកាន់អំណាចសារជាថ្មីបែបនេះ សម្រាប់អាណត្តិទី២ ដែលជាអាណត្តិមិនជាប់គ្នានោះគឺលោក Grover Cleveland ដែលបានកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី១ ចាប់ពីឆ្នាំ១៨៨៥ ដល់១៨៨៩ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨៩៣ ដល់១៨៩៧។ ក្រៅពីនេះក៏ធ្លាប់មានប្រធានាធិបតីអាមេរិកប៉ុន្មានរូបផ្សេងផងដែរដែលធ្លាប់ព្យាយាមឈរឈ្មោះជា​ប្រធានាធិបតីម្តងទៀតក្រោយចាញ់ឆ្នោតប៉ុន្តែសុទ្ធតែមិនបានជោគជ័យលើកលែងតែលោក ដូណាល់ ត្រាំ នាពេលនេះ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare