ថ្នាល«បណ្តុះកូនឈើ» ខ្នាតធំទី១នៅកម្ពុជាសម្រេចការសាងសង់បាន២០ភាគរយ 

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជាដែលបានចាប់ផ្តើមសាងសង់នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្រេចបាន២០% ហើយគិតមកទល់ពេលនេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងអំឡុងពេលអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា ថ្នាលបណ្តុះកូនឈើខ្នាតធំនេះបានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាងសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង១លានដើមឆ្ពោះទៅសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាលដែលមានទស្សនវិស័យប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារសាងសង់ យកចិត្តទុកដាក់លើគុណភាពនៃសំណង់ បង្កើតហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបនឹងភាពបៃតងដូចជាគម្រោងតំបន់រុក្ខជាតិ ស្រះទឹក សាលសហសិក្សាសម្រាប់សិស្ស និស្សិតសិក្សាស្រាវជ្រាវផងដែរ។

សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើងក្រោមការគាំទ្រថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជារួមជាមួយអាជ្ញាធរនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានចូលរួមបណ្តុះផ្នត់គំនិតពន្លក «បៃតង» ស្របតាមផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលមានសសរស្តម្ភ៣គឺ ស្អាត បៃតង និងចីរភាព។ បន្ទាប់ពីការបង្កើតថ្នាលបណ្តុះកូនឈើទី១នេះ ក្រសួងបរិស្ថានបានបោះជំហានបន្ថែមទៀត ពោរពេញដោយថាមពល ជំរុញឱ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនរួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ រៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ នៅក្នុងខេត្តចំនួន៤ទៀត គឺនៅខេត្តមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។

ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីប្រជាពលរដ្ឋទាំងអស់ រួមគ្នាដាំដើមឈើដាំឱ្យបានច្រើន ក៏ដូចជាជួយថែរក្សាការពារសម្បត្តិធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងទទួលបានខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម។ «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត និងការជំរុញការលើកកម្ពស់អព្យាក្រឹតកាបូន» ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមទៀតផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare