ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៤
(ព្រៃវែង)៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ទន់ សាអ៊ុឹម អនុរដ្ឋលេខាធិការ ក្រសួងអបរំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តព្រៃវែងបានដឹកនាំក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ដែលមានរយៈពេល ពីថ្ងៃ គឺថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។
ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តព្រៃវែងមានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ៨,៤៧៣ នាក់ ស្រីចំនួន ៤,៦៦៨ នាក មានចំនួន ១៥ មណ្ឌលស្មើនឹង ៣៤០បន្ទប់។ ដោយក្នុងនោះបែងចែកជាពីរផ្នែកមានផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។ ដោយផ្នែកវិទ្យាសាស្រ្តមាន ៣មណ្ឌល ស្មើនឹង ៨៤ បន្ទប់ មានបេក្ខជនសរុបចំនួន ២,០៨៨នាក់ ស្រី១,៣០៥នាក់ និងផ្នែកវិទ្យាសាស្រ្តសង្គម ចែកចេញជា ១២ មណ្ឌលមានបេក្ខជនចំនួន ៦,៣៨៥នាក់ ស្រី ៣,៣៦៣នាក់ ស្មើនឹង ២៥៦បន្ទប់។
នៅក្នុងការអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសានោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ចេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានព្រីយ៉ុងពិសេសមិនត្រូវចម្លងគ្នានោះឡើយហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទួលបានជំនាញដែលខ្លួនស្រឡាញ់។
ឯកឧត្ដមអភិបាលខេត្តក៏បានផ្តាំផ្ញើ និងណែនាំដល់បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ញត្តិផ្ទៃក្នុងនៃការប្រឡងនេះធ្វើយ៉ាងណាដើម្បីយើងទទួលបាននូវចំណេះដឹងពិតប្រាកដដើម្បីមានសមត្ថភាពក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិយើង។ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមឱ្យប្រឡងជាប់គ្រប់ៗគ្នា៕