អតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រនៅស្រុកគាស់ក្រឡទទួលបានអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត
លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាស្រុក នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជនដែលមានជីវភាពទីទ័លក្រចំនួន៥គ្រួសារកំពុងរស់នៅក្នុងភូមិអតីតយុទ្ធជន ស្ថិតក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ភើយ លំអង បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តែងតែគិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងហើយសម្តេច និងលោកជំទាវតែងតែជួយឧបត្ថម្ភទាំងថវិកា និងសម្ភារៈសម្រាប់សាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនរស់នៅបានសមរម្យ។
ជាមួយគ្នានោះដែរ លោកបានថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ក្នុងសម័យសង្គ្រាមដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកន្លងមកទើបប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការក៏បានប្រគល់នូវអំណោយឧបត្ថម្ភរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជនទាំង ៥គ្រួសារដោយក្នុងមួយគ្រួសារទទួលបានថវិកា ៥០.០០០រៀល អង្ករ ២៥គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដោយឡែកនគរបាលប៉ុស្តិ៍ និងប្រជាការពារភូមិចំនួន ៤នាក់ទទួលបានអង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងថវិកាក្នុង១នាក់ ២០.០០០រៀលផងដែរ៕