លោកជំទាវ ជា សុផាកន្នី អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង
(មណ្ឌលគិរី)៖ លោកជំទាវ ជា សុផាកន្នី ភរិយាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានបានដឹកនាំប្រតិភូស្រ្តីក្រសួងបរិស្ថានចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយស្ដីពីវិធានការការពារ បង្ការទប់ស្កាត់ ជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក ការថែទាំសុខភាព និងចែកជូនមុងជ្រលក់ថ្នាំ ដល់ប្រជាសហគមន៍ និងមន្រ្តីឧទ្យានុរក្សដោយមានការចូលរួមពីលោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគីរី សហគមន៍ភូមិអូរណា សហគមន៍ភូមិអូររាម មន្រ្តីឧទ្យានុរក្សប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃកែវសីម៉ា ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ និងគ្រូឧទ្ទេសពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត អាជ្ញាធរដែនដី និងប្រជាសហគមន៍សរុបចំនួន៤៤២នាក់។ ទន្ទឹមនឹងនេះ ប្រតិភូក្រសួងក៏បាននាំយកមុងចំនួន៥០០មុង និងគ្រឿងឧបភោគ បរិភោគ មួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និងលោកជំទាវផងដែរ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ស្ថិតឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។
ក្នុងនោះផងដែរ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺឈាម ជំងឺគ្រុនចាញ់ និងដង្កូវព្រូន ក្រសួងបរិស្ថានបានមានប្រសាសន៍កន្លងមក ក្រុមការងារស្រ្តី និងក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ក្រសួងបរិស្ថានបាននឹងកំពុងសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍ដែលគិតតាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ក្រុមការងារបានចែកមុងសរុបចំនួន៤៨.៨០០មុងដល់ក្រុមគោលដៅ និងរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការសហគមន៍ និងមន្រ្តីឧទ្យានុរក្សចំនួន២៤វគ្គ សរុបចំនួន១.៧៦៦នាក់ មន្រ្តីឧទ្យានុរក្សចំនួន ៩០៧នាក់ និងសំណេះសំណាល និងផ្សព្វផ្សាយចំនួន ១២វគ្គ មានអ្នកចូលរួមសរុប ២.៥០០នាក់ ។
ក្នុងឱកាសដ៍វិសេសវិសាលនេះដែរ លោកជំទាវ ជា សុផាកន្នី ក៏បានលើកឡើងថា សុខភាពរបស់មនុស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ។ ពេលយើងមានសុខភាពមិនល្អ យើងមិនអាចប្រកបកិច្ចការងារ និងរបរចិញ្ចឹមជីវិតជូនគ្រួសារបានល្អប្រសើរនោះទេ ជាក់ស្តែងការផ្សព្វផ្សាយចំណេះដឹងស្ដីពីការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាមនាពេលនេះពិតជាមានសារសំខាន់ណាស់ចំពោះបងប្អូនប្រជាសហគមន៍ និងមន្រ្តីឧទ្យានរក្សដែលបាននឹងកំពុងរស់នៅចុះល្បាត និងបម្រើសេវាកម្មអេកូទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ។
បន្ទាប់មកទៀត គណៈប្រតិភូក៏បានអញ្ជើញទៅទស្សនកិច្ចសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង ជំរុំទោចថ្ពាល់លឿង ជំរុំទោចចាហ៊ូ ស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី ជាទីកន្លែងអេកូ-ទេសចរណ៍លំហែបៃតងប្រកបដោយធម្មជាតិស្រស់ស្អាត និងការរៀបចំផ្ទះស្នាក់តាមបែបជនជាតិដើមភាគតិចគួរជាទីចាប់អារម្មណ៍ ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅដែលធ្វើឱ្យសហគមន៍ទទួលបានប្រាក់ចំណូលបន្ថែម សម្រាប់លើកកម្ពស់ជីវភាពគ្រួសារក៏ដូចជាចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានផ្ទាល់។
នាឱកាសនោះផងដែរ លោកជំទាវ ជា សុផាកន្នី និងគណៈប្រតិភូទាំងអស់បានអញ្ជើញដាំដើមឈើជានិមិត្តរូបដើម្បីចូលរួមលើកកម្ពស់ភាពបៃតងសំដៅពង្រីកវិសាលភាពគម្របព្រៃឈើឱ្យបាន ៦០ % នៅឆ្នាំ២០៥០។
ជាចុងក្រោយ លោក ជំទាវ ជា សុផាកន្នី រួមជាមួយគណៈប្រតិភូក៏បានបន្ដដំណើរទៅទស្សនកិច្ចនៅព្រំដែន កម្ពុជា វៀតណាម (ឡាប៉ាខេ)៕