ក្រសួងបរិស្ថានបាននឹងកំពុងបោះជំហានទៅមុខយ៉ាងក្លៀវក្លាក្នុងនីតិកាលទី៧
(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រាប់អ្នកសារព័ត៌មានថា យុទ្ធនាការកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ” និងយុទ្ធនាការដាំដេីមឈេីយ៉ាងតិច១លានដេីមក្នុង ១ឆ្នាំ ក្រោមប្រធានបទ”ពន្លកបៃតង” ជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងសាយភាយ និងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន យុវនារី ព្រះសង្ឃ និងកម្មករ កម្មការិនី ជិត ១០លាន អង្គ-នាក់ធៀបជាមួយចំនួនប្រជាជនទូទាំងប្រទេសគឺជាងពាក់កណ្ដាលនៃចំនួនប្រជាជនកម្ពុជា។
ឯកឧត្តមបន្ដទៀតថា ជារៀងរាល់ថ្ងៃ សិស្សានុសិស្សនៅតាមសាលារៀនតែងតែធ្វើសកម្មភាពក្នុងយុទ្ឋនាការកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក និងចូលរួមប្រមូលសំរាម និងកាកសំណល់នានាដេីម្បីរក្សាឱ្យបាននូវការទុកដាក់សំរាមទៅតាមប្រភេទនីមួយៗ និងញែកឱ្យដាច់ពីសំណល់រឹង និងរាវ ពោលគឺជាការចូលរួមដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាង ៣លាននាក់ក្នុងបុព្វហេតុដេីម្បីភាពស្អាតនៅកម្ពុជាក្រោមពាក្យស្លោក “កម្ពុជាស្អាត ខ្មែរធ្វើបាន”។
រីឯយុទ្ឋនាការ ពន្លកបៃតង ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានពោលទៀតថា ការចាប់ផ្ដេីមនូវយុទ្ធនាការពន្លកបៃតងគឺពោរពេញដោយកម្លាំងកាយ និងកម្លាំងចិត្តពីមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ពោលគឺចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិដែលជាលទ្ធផលគឺទទួលបានគួរជាទីមោទនៈ។ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទធ្វេីការទប់ស្កាត់បទល្មើសធនធានធម្មជាតិស្ទើរគ្រប់ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាតួយ៉ាងដូចជាការបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំកន្លងមកនៅខេត្តពោធិ៍សាត់ ស្ទឹងត្រែង និងមណ្ឌលគីរី ជាដេីម។
ដោយឡែក ជាការចូលរួមពីមន្ដ្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន យុវនារី ព្រះសង្ឃ កម្មករ កម្មការិនី គ្រប់រាជធានី ខេត្ត បានស្ម័គ្រចិត្តទទួលយកដេីមឈេីពីក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទូទាំងប្រទេសធ្វើការដាំដុះលេីផ្ទៃដី លំនៅឋាន សហគមន៍ និងតំបន់សឹករិចរិល ប្រមាណជិត ២ លានដេីម ក្នុងឆ្នាំ២០២៤នេះ។ នេះសរបញ្ជាក់ឱ្យបានឃេីញយ៉ាងច្បាស់ថា យុទ្ធនាការ ពន្លកបៃតងបាននឹងកំពុងបោះជំហានប្រកបដោយភាពជោគជ័យ និងបានដក់ជាប់ក្នុងផ្នត់គំនិត សិស្សានុសិស្ស យុវជន យុវនារី ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាយេីងដេីម្បីរុញច្រាននាវាកម្ពុជាឱ្យទទួលបានគម្របបៃតង ៦០% នាឆ្នាំ២០៥០ ជាក់ជាមិនខាន។
ជាការពិតណាស់ មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយេីងបាននឹងកំពុងទទួលបាននូវបរិយាកាសខ្យល់ក្នុងកម្រិតល្អណាស់ តាមរយៈការវាស់កម្រិតខ្យល់របស់អង្គការ WHO និងកំពុងទទួលបានការកោតសរសេីរ ពីមជ្ឍដ្ឋានអន្ដរជាតិពោលគឺប្រទេសអារ៉ាប់ប៊ីសាអូឌីតប្រទេសស្ថិតក្នុងតំបន់អារ៉ាប់រួម និងអឺរ៉ុបជាដេីម។
បញ្ហាភាពស្អាតលេីមេឃ លេីដី និងក្នុងទឹក កម្ពុជាខ្លួនឯងផ្ទាល់បាននឹងកំពុងធ្វេីសកម្មភាពយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងទទួលបានការចូលរួមចំណែកពីសំណាក់អង្គការមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបដេីម្បីធ្វេីការលុបបំបាត់ និងបានលុបបំបាត់ប្រមាណជាង ៥០% ធៀបទៅនឹងឆ្នាំ ២០២២។
យើងរួមគ្នាដេីម្បីភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថានកម្ពុជា។