ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនដើម្បីពិនិត្យមើលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការប្រាស្រ័យទាក់ទងគ្នាជាពិសេសការទំនាក់ទំនងធ្វើពាណិជ្ជកម្មល្អជាមួយគ្នាទៅវិញទៅមករវាងខេត្តជាប់ព្រំដែនថៃ។

ក្នុងឱកាសព្រះអង្គធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តទស្សនកិច្ចក្នុងខេត្តប៉ៃលិន សង្កេតឃើញថា លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការបានអញ្ជើញមកទទួលព្រះដំណើរក្នុងនោះមានប្រជាពលរដ្ឋ និងពុទ្ធបរិស័ទដ៏ច្រើនត្រៀបត្រាដែលមានជំនឿលើព្រះអង្គបាននាំគ្នាទិញទៀន ធូប ផ្កា ក្រមួន ទឹកបរិសុទ្ធ និងគ្រឿងសក្ការៈបូជានានាជាច្រើនទៀតមកអង្គុយរង់ចាំទទួលព្រះអង្គ នៅតាមផ្លូវក្រវាត់ព្រំដែន និងតាមវត្តអារាមផងដែរ៕

ព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី ក៏បានសម្តែងព្រះធម៌ទេសនា ដោយមានសង្ឃដីកាផ្តល់ឱវាទដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនៅតំបន់ព្រំដែនថា ការនិមន្តធ្វើដំណើរមកទស្សនកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែន ថៃ ឡាវ និងវៀតណាម គឺបានបង្ហាញពីចលករមួយសម្រាប់ឱ្យយុវជនបានមកទស្សនាបន្តតាមក្រោយដើម្បីស្វែងយល់ពីសមិទ្ធផលបង្គោលព្រំដែន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រនៅលើទឹកដីរបស់យើង។

ព្រះអង្គបានមានសង្ឃដីកាសំណូមពរឱ្យប្រជាពលរដ្ឋត្រូវមានជំនឿជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងនឹងរួបរួមគ្នាដើម្បីការពារទឹកដីរបស់យើង និងសាមគ្គីគ្នាលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមព្រោះថា ពេលមានផ្លូវទៅដល់គឺមានទឹក មានភ្លើង មានប្រជាពលរដ្ឋទៅដល់តាមក្រោយហើយ ដូចនេះយើងត្រូវតែនាំគ្នាកសាងឱ្យបានផ្លូវ ទុកជាមរតក ទុកជាឯកសារប្រវត្តិសាស្ត្រ សម្រាប់កូនចៅនាថ្ងៃអនាគត។

សូមបញ្ជាក់ថា៖ មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងបានលើកយករឿងកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍កម្ពុជា-វៀតណាម និងឡាវ (CLV-DTA) ដោយមានចេតនាបំពុលសន្តិសុខសង្គមកម្ពុជាហើយប្រកាសប្រមូលកម្លាំងធ្វើបាតុកម្មដោយបង្កប់នូវយុទ្ធសាស្ត្រ រុញអោយផ្ទុះហិង្សាហើយឈានទៅធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare