មន្រ្ដីភូមិបាល និងសុរិយោដីឈ្មោះ វ៉ន ចេក ធ្វើការនៅកន្លែងណាឱ្យប្រាដកទៅ មានឈ្មោះបម្រើការងារនៅស្រុកអង្គស្នួលតែខ្លួនមកធ្វើសកម្មភាពនៅស្រុកស្អាងរាប់ឆ្នាំដូចជាចម្លែក
(កណ្តាល)៖ ប្រជាពលរដ្ឋដែលរស់នៅស្រុកស្អាង ខេត្តកណ្ដាល ដាក់ការងឿងឆ្ងល់ហេីយលេីកតាំងជាសំនួរថា តេីលោក វ៉ន ចេក មានតួនាទីជាអ្វីឱ្យពិតប្រាកដហើយជាមន្ត្រីបំពេញភារកិច្ចនៅកន្លែងណាឱ្យពិតប្រាកទៅ?
ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដោយសារតែមួយរយៈកាលកន្លងមកនេះ ហាក់មានភាពចម្រូងចម្រាស់លេីបញ្ហាដីធ្លីជាច្រើនកន្លែងស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ក្នុងនោះមានដូចជា ឃុំខ្ពប ឃុំប្រាសាទ និងឃុំតាលុនជាដេីមគឺមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃគួរឱ្យកត់សម្គាល់។
បើយោងតាម លោក លី វណ្ឍនី ប្រធានការិយាល័យភូមិបាល និងសុរិយោដី ស្រុកអង្គស្នួលបានឱ្យដឹងថា ឈ្មោះ វ៉ន ចេក គឺជាមន្ត្រី ភូមិបាល និងសុរិយោដីបំពេញកាតព្វកិច្ចនៅក្រុងអង្គស្នួលត្រូវបានចាត់បញ្ជូនឱ្យទៅជួយការងារនៅស្រុកស្អាងក្នុងនាមជាប្រធានក្រុមវាលហើយរូបលោកពុំបានដឹងនោះទេថា លោក វ៉ន ចេក មានលិខិតចាត់បេសកកម្ម ឬមិនមាននោះទេក្នុងបច្ចុប្បន្ននេះ បេីតាមតែដឹងគឺគេបានចាត់ឱ្យគាត់ទៅកាលដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មកម្ល៉េះ។
មហាជននៅតែមានចិត្តកេីតឆ្ងល់ និងចោទជាសំនួរយ៉ាងដូច្នេះថា តេីលោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យភូមិបាល និងសុរិយោដី ស្រុកស្អាង ខេត្ដកណ្តាល ខ្វះមនុស្សមានសមត្ថភាពធ្វើការមែនឬទេបានចាំបាច់អីយក ឈ្មោះ វ៉ន ចេក ជាមន្ត្រីមកពីស្រុកអង្គស្នួល ទៅធ្វើការនៅក្នុងមូលដ្ឋានរបស់លោកទៅវិញ?
ប្រជាពលរដ្ឋបានបន្តថា ទោះបីជាយ៉ាងណាក្តី ការចាត់មន្ត្រីឱ្យចុះទៅជួយកន្លែងណា គេសង្កេតឃើញដូចជាមានលិខិតបញ្ជាបេសកកម្ម ឬចាត់ឱ្យមន្ត្រីនោះទៅដោយស្របច្បាប់ និងមានកាលបរិច្ឆេទអំពីថ្ងៃកំណត់វិលចូលត្រលប់មកទីកន្លែងការងាររវិញ។ ក៏ប៉ុន្តែហេតុអីបានជាឈ្មោះ វ៉ន ចេក ឱ្យទៅចុះជួយការងារស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល បានរហូតដល់រាប់ឆ្នាំដោយមិនមានកាលបរិច្ឆេទថ្ងៃកំណត់វិលត្រលប់ចូលមកទីកន្លែងការងាររវិញដូច្នេះអញ្ចឹង។
មហាជនបានដាក់ការសង្ស័យថា ប្រហែលជាដីនៅតំបន់ស្រុកស្អាង ខេត្តកណ្ដាល កំពុងត្រូវប៉ាន់ទេដឹងបានជា លោក វ៉ន ចេក សុខចិត្ដសម្ងំទីនោះបានយូរបែបនេះ? ឬមួយលោក វ៉ន ចេក មានអ្វីបិទបាំងមិនឱ្យថ្នាក់ដឹកនាំកំពូលបានដឹង?
បេីតាមប្រភពពីប្រជាពលរដ្ឋម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា ចាប់តាំងពីឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង គេបានឃើញ លោក វ៉ន ចេក តែងតែធ្វេីការវាស់វែងដីធ្លីឱ្យជាន់ឈ្មោះគ្នាលេីទីតាំងដីតែមួយកន្លែងបង្កើតបញ្ហាមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលដីរបស់ពួកគាត់គឺកំពុងគ្រប់គ្រង និងបានធ្វេីការអាស្រ័យផលជាយូរឆ្នាំមកហើយពោលពុំដែលមានបញ្ហាអ្វីនោះទេទើបតែពីឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង ប្រជាពលរដ្ឋចេះតែមានបញ្ហារឿងប្លង់ដីជាន់គ្នា មិនចេះចប់មិនចេះហើយទាល់តែសោះ និងរហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយដែលជាកត្តាធ្វើឱ្យប្រជាពលរដ្ឋ មានការលំបាកក្នុងការទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ជាប្រព័ន្ធចេញដោយរដ្ឋ។
ជុំវិញករណីចុះផ្សាយខាងលើនេះ អង្គភាពយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕