ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការ ដាំដេីមត្នោត ១ម៉ឺនដេីម
(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ ក្នុងខេត្តត្បូងឃ្មុំ ដាំដេីមត្នោតចំនួន១០,០០០ដេីម ស្ថិតឃុំត្រពាំខ្លុង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។
សូមបញ្ជាក់ផងដែរថា ដើមត្នោតចំនួន ១០,០០០ដេីម ដែលត្រូវបានដាំកាលពីព្រឹកថ្ងៃទី២១ ខែកក្កដា នេះ ជាការផ្ដល់ជូនដោយផ្ទាល់ពីឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដេីម្បីចែកជូនប្រជាពលរដ្ឋ មន្រ្ដីរាជការ ចូលរួមដាំ និងបណ្ដុះផ្នត់គំនិតស្រឡាញ់បរិស្ថាន ការថែរក្សាការពារបរិស្ថានព្រមទាំងជាបង្កេីតបាននូវភាពបៃតងក្នុងមូលដ្ឋាន និងសហគមន៍។
ថ្លែងប្រាប់ប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍រួមគ្នាដាំដេីមត្នោតក្នុងខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលេីកឡេីងថា ការដែលប្រជាពលរដ្ឋចូលរួមដាំដើមត្នោតនាឱកាសនេះ គឺជាការបន្សល់ទុកនូវអត្ដសញ្ញាណជាតិខ្មែរដែលសម្គាល់ដោយដើមត្នោតជារបស់ខ្មែរ និងជាការចូលរួមបង្កើតភោគផល និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចេញដេីមត្នោតសម្រាប់កូនខ្មែរជំនាន់ក្រោយ។
ឯកឧត្ដមបណ្ឌិតបានបន្ថែមទៀតថា ដេីម្បីកម្ពុជាមានគម្របបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខ គប្បីមន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋរួមកម្លាំងគ្នាបង្កេីនការដាំដុះនៅតាមសាលារៀន វត្តអារាម ទីសាធារណៈ ព្រៃលិចទឹក និងដីតំបន់ព្រៃសឹករិចរិលហើយក្រសួងបរិស្ថាន និងបន្ដបណ្ដុះកូនឈេីឱ្យច្រើនលានដេីមក្នុង១ឆ្នាំ ដេីម្បីធ្វេីការចែក និងផ្ដល់ជូនគ្រប់រាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
ម្យ៉ាងវិញទៀត ឯកឧត្ដមបណ្ឌិតបានស្នេីសុំឱ្យប្រជាពលរដ្ឋរស់នៅតាមសហគមន៍ចូលរួមជាមួយក្រសួងបរិស្ថានដេីម្បីទប់ស្កាត់ និងការពារធនធានធម្មជាតិព្រមទាំងចូលរួមសម្អាត និងកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិកផងដែរ។