ជាឱកាសល្អសម្រាប់កម្ពុជា ក្រសួងបរិស្ថានបានរៀបចំពិធីតាំងពិព័រណ៍ និងចែកដើមឈើដោយឥតគិតថ្លៃ
(ភ្នំពេញ)៖ បើតាមឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានប្រាប់មកអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី០១ ខែកក្កដា នេះថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួង និងមន្ទីរបរិស្ថានទូទាំងប្រទេស បណ្ដុះកូនឈើបានចំនួន ១,៣៤២,៦៧៩ ដើមរួចហើយ និងមានជាច្រើនប្រភេទសម្រាប់ធ្វើការចែកជូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ រដ្ឋបាលខេត្ដ និងប្រជាសហគមន៍នៅគ្រប់តំបន់ក្នុងឱកាសតាំងពិព័រណ៍រយៈពេល ០៣ថ្ងៃខាងមុខនេះ នៅទីធ្លាខាងមុខទីស្ដីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទៅ១០ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ រាប់ពីវេលាម៉ោង ៨:០០ នាទីព្រឹករហូតដល់ម៉ោង ៥:០០ នាទីល្ងាច សូមបញ្ជាក់ផងដែរថា ការចែកជូននូវកូនឈើគ្រប់ប្រភេទគឺឥតគិតថ្លៃ។
ឯកឧត្ដមបានបន្ដប្រាប់ទៀតថា ព្រឹត្ដិការណ៍ពិព័រណ៍នេះជាការផ្ដួចផ្ដើមគំនិតដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានដែលស្របទៅតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថានលើអាទិភាពចំនួនបី៖
១. ភាពស្អាត
២. ភាពបៃតង
៣. ចីរភាព
ទិសដៅលើភាពបៃតង គឺជាការដាំស្ដារឡើងវិញនូវដើមឈើគ្រប់ប្រភេទដូចជា ដើមឈើលម្អ ហូបផ្លៃ និងព្រៃឈើជាដើម។
ឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រសួងកន្លងទៅថា ការតាំងពិព័រណ៍ ក្រោមប្រធានបទ «ពន្លកបៃតង» នេះ គឺមានគោលបំណងផ្សព្វផ្សាយអំពីយុទ្ធនាការដាំដើមឈើជាង១លានដើមដល់សាធារជន លើកកម្ពស់ការយល់ដឹង និងការចូលរួមពីសាធារណជនលើការងារបណ្ដុះ ការដាំដើមឈើ និងដាំស្ដាព្រៃឈើឡើងវិញ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃកេសរកូលព្រៃ និងរុក្ខជាតិនៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ ពង្រឹងកិច្ចសហការរវាងស្ថាប័ន និងវិស័យឯកជនជាពិសេសគឺការកសាងបណ្ដាញអ្នកស្រឡាញ់រុក្ខជាតិ ដើមឈើ ជាពិសេស ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា ផ្ដល់ឱកាសដល់វិស័យឯកជនចូលរួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា និងផ្សព្វផ្សាយអំពីភាពសម្បូរបែបនៃកេសរកូលព្រៃ រុក្ខជាតិ គ្រឿងទេស បន្លែ និងផ្លែឈើដែលមាន និងកំពុងមានវត្ដមាននៅកម្ពុជា។
ក្នុងឱកាសនៃថ្ងៃរៀបចំពិធីតាំងពិព័រណ៍ដើមឈើ និងចែកដើមឈើខាងមុខនេះ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានការរំពឹងយ៉ាងមុតមាំថា នឹងមានការចូលរួមទស្សនា និងមកទទួលយកដើមឈើយ៉ាងច្រើនកុះករ ពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ កម្មករ កម្មាការី និងប្រជាពលរដ្ឋទូទាំងនៅតាមសហគមន៍ដើម្បីជាការចូលរួមដាំស្ដារឡើងវិញនៅតាមទីអារាម គេហដ្ឋាន សាលារៀន និងទីសាធារណៈនូវដើមឈើជាច្រើនប្រភេទសំដៅឱ្យកម្ពុជានឹងឆ្ពោះទៅកាន់ភាពបៃតង ៦០% នាឆ្នាំ២០៥០ ខាងមុខ។
ជាចុងក្រោយឯកឧត្ដម រដ្ឋលេខាធិការ សូមឱ្យបងប្អូន ក្មួយៗ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ដ្រីរាជការ គ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមកចូលរួមទស្សនា និងមកទទួលយកដើមឈើ គ្រប់ប្រភេទនៅតាមស្ដង់ពិព័រណ៍យកទៅដាំ ដើម្បីកម្ពុជាជាប្រទេសគំរូបៃតងក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ។ ចូលរួមទស្សនាដោយសេរី!