កម្មវិធីផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត រណប គ្រឿងជំនួយដើរ និងផ្តល់អំណោយសប្បុរសធម៌ជូនជនមានពិការភាពនៅស្រុកពាមជរ ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរៀបចំផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិតរណបនៅតាម សហគមន៍ ការផ្តល់គ្រឿងជំនួយក្នុងការដើរ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៌ជូនជនមានពិការភាពចំនួន១៥០នាក់ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅសាលាស្រុកពាមជរ ខេត្តព្រៃវែង។

ឯកឧត្ដម ខុម ផលលឿន នាយកមូលនិធិជនពិការបានលើកឡើងថា សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង ១១ទីតាំងរួមមាន៖ រាជធានីភ្នំពេញ (២ទីតាំង) ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ កំពង់ស្ពឺ ក្រចេះ សៀមរាប តាកែវ និងខេត្តព្រៃវែង និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា ៣ទីតាំងរួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ និងខេត្តស្វាយរៀង  ដែលជាសេវាមួយផ្តល់ជូនជនមានពិការភាពដោយឥតបង់ថ្លៃ និងប្រកបដោយតម្លាភាព។
 
ឯកឧត្ដមបន្តថា ក្នុងឆ្នាំ២០២៣ មូលនិធិជនពិការតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទារាជធានី-ខេត្ត និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា បានផ្តល់សេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទជូនជនមានពិការភាពចំនួនសរុប ២៧,៧៧៤នាក់ ដោយជនមានពិការភាពទទួលបានសេវារួមមាន៖ ការផ្តល់អវយវៈសិប្បនិម្មិតរណប និងឧបករណ៍ជំនួយរាងកាយចំនួន ១៣,៨៥០គ្រឿង, ការផ្តល់រទេះរុញចំនួន ១,៥៤០គ្រឿង, ការជួសជុលអវយវៈសិប្បនិម្មិតរណប និងឧបករណ៍ជំនួយរាងកាយចំនួន ១២,៣៧៦គ្រឿង/រាយ និងការព្យាបាលដោយចលនាចំនួន ១១,០៣៤នាក់ស្មើនឹងចំនួនព្យាបាល ៩៤,៥៩៥ដង។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបានផ្តល់សេវានៅតាមសហគមន៍ចំនួន ៨,៥០៥នាក់ រួមមាន៖ សេវាជួសជុលចល័តនូវឧបករណ៍អវយវៈសិប្បនិម្មិត និងគ្រឿងជំនួយនានាចំនួន  ៦,០១៣ នាក់, ការផ្តល់រទេះរុញចំនួន ២៥០គ្រឿង, ការផ្តល់ឈើច្រត់គ្រប់ប្រភេទចំនួន ៧៦៨ រាយ, ការផ្ដល់ស្បែកជើងខ្ពស់ទាបចំនួន ២០៩ គូ, ការបញ្ជូនជនមានពិការភាពទៅកាន់អង្គការ ឬអ្នកផ្ដល់សេវាផ្សេងៗទៀតចំនួន ១៤៩ នាក់, ការសម្របសម្រួល និងបញ្ជូនកុមារមានពិការភាពឱ្យបានចូលរៀននៅសាលារដ្ឋ ៣២៣ នាក់, បានស្រាវជ្រាវឃើញជនមានពិការភាពថ្មីដែលត្រូវបញ្ជូនទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ១៦២ នាក់, ការសម្របសម្រួលរកការងារជូនជនមានពិការភាពចំនួន ១៧នាក់ បានផ្តល់កង់ និងកង់អគ្គិសនីជូនជនមានពិការភាពក្រីក្រនិងក្រុមគ្រួសារ ២៦គ្រឿង, បានបង្កើតអាជីវកម្មខ្នាតតូចជូនជនមានពិការភាព ១៦ កម្មវិធី, និងការចុះសួរសុខទុក្ខ តាមដាន និងវាយតម្លៃជនមានពិការភាពក្នុងសហគមន៍៥៧៥ នាក់។  បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាបែបវេជ្ជសាស្ត្រជូនជនមានពិការភាព និងប្រជាជនក្រីក្របានចំនួន ៣៦,០៧៤នាក់ និងគាំទ្រដល់ជីវភាពជនមានពិការភាពតាមរយៈផ្តល់ជាអំណោយសប្បុរសធម៌ជូនជនមានពិការភាពក្រីក្រចំនួន ៦៣០គ្រួសារ នៅរាជធានី-ខេត្តទាំង២៥ និងសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រចំនួន ៩ខ្នង។

ឯកឧត្ដមបន្តថា ក្នុងឆ្នាំ២០២៤នេះ មូលនិធិជនពិការបានសហការជាមួយអង្គការឆាយ(CHAI) និងអង្គការជនពិការអន្តរជាតិ(HI) ក្រោមជំនួយឧបត្ថម្ភពីគម្រោង AT Scale ក្នុងការចុះផ្តល់សេវានៅតាមសហគមន៍សម្រាប់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន០៣ខេត្តគឺខេត្តព្រៃវែង ខេត្តសៀមរាប និងខេត្តក្រចេះ។ លើសពីនេះ បានជួយគាំទ្រលើសម្ភារៈ បរិក្ខា និងគ្រឿងម៉ាស៊ីនជាច្រើនទៀតដល់មជ្ឈមណ្ឌល ស្តារលទ្ធភាពពលកម្មកាយសម្បទាគៀនឃ្លាំង ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តសៀមរាបដើម្បីឱ្យការផ្តល់សេវាជូនជនមានពិការភាពបានទាន់ពេលវេលា និងប្រកបដោយគុណភាព។ គម្រោង AT Scale រួមជាមួយដៃគូពាក់ព័ន្ធនានាបានផ្តួចផ្តើមឱ្យមានទិវាបច្ចេកវិទ្យាជំនួយពិភពលោកក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹង និងសារសំខាន់នៃបច្ចេកវិទ្យាជំនួយដែលជាតម្រូវការចាំបាច់របស់ជនមានពិការភាពក្នុងជីវភាពរស់នៅ និងសកម្មភាពសង្គមដែលប្រព្រឹត្តនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ផ្តើមចេញពីនេះ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ព្រមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនដោយក្នុងនោះគឺការអនុវត្តគោលនយោបាយ កម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ចសំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋជាពិសេសជនមានពិការភាព។

ដោយមានការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិតាមរយៈមូលនិធិជនពិការបានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពក្នុង សម្បទាមួយឆ្នាំៗគិតជាមធ្យមបានចំនួន ២៨០០០នាក់។ ដោយពិនិត្យបញ្ហាប្រឈមរបស់បងប្អូនជនមានពិការជួបការលំបាកក្នុងការអញ្ជើញទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា មូលនិធិជនពិការបានខិតខំស្វែងរកថវិកាតាមរយៈថវិការដ្ឋ និងអង្គការដៃគូពាក់ព័ន្ធពង្រីកការផ្តល់សេវានៅតាមសហគមន៍ដើម្បីបង្ខិតសេវាឱ្យបានជិតនឹងបងប្អូនជនមានពិការភាពដើម្បីកាត់បន្ថយថវិកា និងពេលវេលាក្នុងការទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដែលមានទីតាំងនៅឯទីរួមខេត្ត។

ឯកឧត្តម រដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមថា ថ្ងៃនេះមូលនិធិជនពិការតាមរយៈ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងសាខាមូលនិធិជនពិការខេត្តព្រៃវែងបានផ្តល់អំណោយសប្បុរសធម៌ជូនជនមានពិការភាពយើងចំនួន១៥០នាក់ មានដូចជាគ្រឿងឧបភោគ បរិភោគ និងថវិកា ហើយក៏មានការផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត និងរណប និងគ្រឿងជំនួយដើរផ្សេងៗទៀតដល់ជនមានពិការភាព ចំនួន៧០នាក់ផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare