រដ្ឋបាលខេត្តព្រៃវែង​បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧១ យាងចូល៧២ ព្រះវស្សា​

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង​ដែលដឹកនាំដោយ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានដឹកនាំមន្រ្តីរាជការ កងកម្លាំងទាំងបី សិស្សានុសិស្ស ម្ចាស់ស្ថាប័នគ្រឹះស្ថានឯកជន ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងបានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧១ យាងចូល៧២ ព្រះវស្សា​ នៅសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តក៏បានអានសារលិខិតថ្វាយព្រះពរចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់៧១ យាងចូល៧២ ព្រះវស្សា ដែលមានខ្លឹមសារដូចតទៅ៖
” ទូលព្រះបង្គំ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែងប្រកបដោយស្វាមីភ័ក្តិដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧១ យាងចូល ៧២ព្រះវស្សា ដែលនឹងឈានចូលមកដល់នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះ ។

ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងអភិវន្ទន៍កិច្ច ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈ និងព្រះមហាទិគុណដ៏ថ្លៃថ្លារបស់ ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូងដែលក្រោមព្រះបារមីដ៏ពិសិដ្ឋរបស់ព្រះអង្គបានប្រោសព្រះរាជទាននូវសុខសន្តិភាព វិបុលភាព ការអភិវឌ្ឍ និងសេចក្តីសុខក្សេមក្សាន្ត សម្រាប់សង្គមជាតិ និងប្រជារាស្ត្រ។ ទន្ទឹមនេះ ព្រះករុណាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះអង្គតែងសព្វព្រះរាជហឬទ័យយកអស់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណបំពេញព្រះរាជបេសកកម្ម និងព្រះរាជបូជនីយកិច្ចក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃជាតិមាតុភូមិ ធានាបានយ៉ាងរឹងមាំនូវឯករាជ្យ ឯកភាពជាតិ កិត្យានុភាព អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ ត្រជាក់ត្រជុំសុខដុម សម្រាប់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍។

សូមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះត្រង់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare