លោក ឌុច គន្ធា អភិបាលរងខេត្តបានដាក់ចេញផែនការ ៤ ចំណុចធំៗ ដើម្បីអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនក្នុងខេត្តព្រៃវែង
(ព្រៃវែង)៖ លោក ឌុច គន្ធា អភិបាលរងខេត្ត បានដាក់ចេញផែនការ ៤ ចំណុចធំៗ ដើម្បីអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនក្នុងខេត្តព្រៃវែងមានដូចជា៖
– រៀបចំផែនផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនឹងគ្រឿងនៅតាមបណ្ដាលក្រុងស្រុក។
– ត្រូវចុះស្រង់បូកសរុបទិន្នន័យអំពីក្លឹបកំសាន្ត ខារ៉ាអូខេ ហាងហូបចុក ផ្សេងៗដើម្បីចុះផ្សព្វផ្សាយគ្រឿងញៀន។
-ត្រូវអនុវត្ត និងចាត់តាំងការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន។
-ចាត់តាំងអនុវត្តតាមប៉ុស្តិ៍ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលលោក អភិបាលរងខេត្តដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការផ្ដល់នូវបច្ចុប្បន្នភាពការងារអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងត្រួតពិនិត្យគ្រឿងញៀនក្នុងខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
លោក ឌុច គន្ធា អភិបាលរងខេត្តក៏បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានចាត់វិធានការក្នុងការត្រួតពិនិត្យគ្រឿងញៀនទៅលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសក្នុងករណីបើរកឃើញមានមន្ត្រីរាជការ កងកម្លាំងណាដែលមានសារធាតុញៀននឹងត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្តង។
លោក វរៈសេនីយឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក៏បានលើកឡើងដែរថា កន្លងមកស្នងការដ្ឋាននគរបាលខេត្តបានបង្ក្រាបគ្រឿងញៀនបានចំនួន ៩៥ ករណី ឃាត់ខ្លួនបានចំនួន ២១៩ នាក់ ស្រី ២១នាក់ ដកហូត ថ្នាំញៀនបាន ៤៨៣ កញ្ចប់ ស្មើនឹង ៧គីឡូ ៨៧២,៧០ ក្រាម ដោយគិតត្រឹមឆមាសទី១នេះ។
នៅក្នុងកិច្ចប្រជុំនៅផងដែរក៏មានការលើកឡើងជាមតិយោបល់បញ្ហាប្រឈមយ៉ាងផុលផុសអំពីបញ្ហាគ្រឿងញៀននេះឡើងនៅតាមបណ្ដាលក្រុងស្រុករបស់ខ្លួនដែលបានជួបប្រទះហើយក្នុងនោះសមត្ថកិច្ចក៏បានធ្វើការអប់រំផ្សព្វផ្សាយដែលនាំ និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។
លោក ឌុច គន្ធា អភិបាលរងខេត្ត សូមផ្ដាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវរៀបចំរបាយការណ៍អំពីផែនការសកម្មភាព ត្រីមាស ឆមាស និងការចុះអប់រំផ្សព្វផ្សាយទៅតាមទីតាំងនានាជាពិសេសនៅតាមសាលារៀន វត្តអារាម អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនឱ្យបានទូលំទូលាយ និងត្រូវបន្តអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននេះនៅតាមក្លឹបកំសាន្ត ខារ៉ាអូខេ ភោជនីយដ្ឋាន បានផុសផុល និងត្រូវរៀបចំអំពីរបាយការណ៍នៃការចុះផ្សាយឱ្យបានច្បាស់លាស់ផងដែរ៕