ត្រីមេពូជ កូនត្រី និងវារីសត្វសរុបចំនួន ៣ប្រភេទប្រមាណ ២ម៉ឺនក្បាល ត្រូវលែងដើម្បីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥ នៅចំណុចបឹងស្នេហ៍ទួលព័ន្ធតាឡី

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ”ទិវាមច្ឆជាតិ” លែងកូនត្រីពូជ ០១ កក្កដា ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើឡើងនៅបឹងស្នេហ៍ ទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាស់នោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា ត្រីគឺជាប្រភពអាហារដ៏ចម្បងជាលក្ខណៈប្រពៃណីតាំងពីដូនតានៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារធនធានជលផលឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ដូចនេះតម្រូវឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងចលនាលុបបំបាត់បទល្មើសនេសាទ ថែរក្សា អភិរក្ស និងលែងត្រីមេពូជ និងប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់ទៅក្នុងធម្មជាតិវិញដែលសុទ្ធតែជាសកម្មភាពមានតម្លៃធំធេងគួរឱ្យកោតសរសើរបំផុត។

ឯកឧត្ដមអភិបាលខេត្តបន្ថែមទៀតថា វិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ ស្បៀង លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ ជាក់ស្តែងតាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព វិស័យកសិកម្មនៅខេត្តព្រៃវែងបានបន្តរក្សាបាននូវភាពរឹងមាំ មានភាពធន់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយផលប៉ះពាល់ជាអវិជ្ជមានលើសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងខេត្ត ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិសកលជាបន្តបន្ទាប់ក្តី។

ឯកឧត្ដមអភិបាលខេត្តសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដ៏ល្អប្រសើរដែលសម្រេចបាននាពេលកន្លងមកក្នុងវិស័យកសិកម្មទាំងមូលជាពិសេសអនុវិស័យជលផលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាពដើម្បីធានាបាននូវការចូលរួមយ៉ាងសំខាន់ក្នុងសន្តិសុខស្បៀងរួមទាំងការអភិរក្សប្រភេទធនធានជលផលកំពុងរងគ្រោះ និងបានឆ្លុះបញ្ចាំងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ព្រមទាំងកិច្ចសហការជិតស្និទ្ធរបស់អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្ត។

ឯកឧត្ដមអភិបាលខេត្តបានណែនាំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹកជាពិសេសការអភិរក្សត្រី មេពូជ ទន្លេមេគង្គនិងវារី សត្វកំពុងរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជ និងវារីសត្វឱ្យកាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវដឹកនាំ និងជំរុញគាំទ្រការចុះបញ្ជីដីរដ្ឋ តំបន់គ្រប់គ្រងជលផល កន្លែងអភិរក្សជលផល ដីព្រៃលិចទឹក ដើម្បីទប់ស្កាត់ចលនាទន្ទ្រាន កាន់កាប់ដីរដ្ឋជាពិសេសនៅតំបន់ជុំវិញបឹងស្នេហ៍ និងកន្លែងដទៃទៀតដែលជាកន្លែងជម្រកត្រីពងកូន លូតលាស់ ធំធាត់ និងស្វែងរកចំណី។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានឱ្យដឹងថា សហគមន៍នេសាទបឹងស្នេហ៍នេះមានទំហំ និងជម្រៅសមស្របដែលអាចរក្សាទឹកនៅរដូវប្រាំងមានតួនាទីផ្តល់ជាប្រភពទឹកដ៏សំខាន់សម្រាប់ការធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់បន្តពូជ និងផ្តល់នូវប្រភពស្បៀងអាហារជាមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះ ជាពិសេសសហគមន៍នេសាទទាំង៤ និងប្រជាពលរដ្ឋនៃស្រុកបាភ្នំ ស្វាយអន្ទរ ក្រុងព្រៃវែង និងស្រុកពាមរក៍រាប់ម៉ឺននាក់ផ្សេងទៀតដែលពឹងពាក់លើផលនេសាទសម្រាប់ជាអាហារមូលដ្ឋានប្រចាំថ្ងៃ។ បឹងនេះមានផ្ទៃទំហំ ២២២៧ហិកតា នៅរដូវប្រាំង និងពង្រីកដល់ជាង ៣៥៥៧ ហិកតា នៅរដូវវស្សាដោយទទួលរបបទឹកពីទន្លេតូចតាមព្រែករាំង ព្រែកមេបុណ្យ ប្រឡាយនាំទឹកបារាយណ៍ និងប្រព័ន្ធទន្លេវ៉ៃកូ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare