
ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋខណ្ឌដង្កោដើម្បីស្វែងរកផលប្រយោជន៍រួម
នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណ:របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោរួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៤ ដែលបានរៀបចំឡើងនៅបរិវេណវត្តចតុភក្ត្រាមង្គលឧត្តមមុនី (ហៅវត្តហារាម) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការ អញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការអញ្ជើញចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ, លោកស្រី គឹម ញិប អភិបាលនៃគណ:អភិបាលខណ្ឌដង្កោ ជាអនុប្រធានក្រុមការងារព្រមទាំងលោក លោកស្រីជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ និងប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ព្រមទាំងសមាជិក សមាជិកាក្នុងអង្គវេទិកាទាំងមូលសរុបទាំងអស់ចំនួន ៧៩៤នាក់។
តាមរយៈវេទិកានាថ្ងៃនេះបានផ្សព្វផ្សាយបង្ហាញនូវសមិទ្ធផលជាច្រើនដែលមូលដ្ឋានសម្រេចបានជាបន្តបន្ទាប់ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៀងវៃ និងពោរពេញដោយថាមពល និងបានធ្វើការឆ្លើយបំភ្លឺ បកស្រាយ ដោះស្រាយតាមលទ្ធភាពលើសំណូមពរ និងសំណើ របស់ប្រជាពលរដ្ឋចំនួន ៥២សំណើ (មានសំណូមពរផ្ទាល់មាត់ចំនួន ០៥ និងលាយល័ក្ខអក្សរចំនួន ៤៧សំណូមពរ) ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវបច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះចៅអធិការដែលគង់នៅវត្តហារាមព្រមទាំងបានរៀបចំអាហារសម្រន់ចែកជូនដល់សមាជិក សមាជិកា និងក្រុមការងារទាំងអស់ក្នុងអង្គវេទិកាបានបរិភោគរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕