ប្រជាពលរដ្ឋដែលរស់នៅឃុំចំនួន ៣ នៃស្រុកព្រះស្ដេចខេត្តព្រៃវែងបានសម្ដែងនូវអារម្មណ៍សប្បាយរីករាយដោយទទួលបានផ្លូវស្អាត និងពេញចិត្តនូវសំណងដែលរាជរដ្ឋាភិបាលផ្តល់ជូន
(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋចំនួន៣ឃុំ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង មានការសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីពួកគាត់ទទួលបានការស្ថាបនាផ្លូវខេត្តលេខ៣១២A ប្រវែង ១៨៣៤០ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅភូមិព្រីង ឃុំក្រាងស្វាយ ខេត្តព្រៃវែង។
ផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១៨,៣៤០ម៉ែត្រនេះ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ (ត្រង់គីឡូម៉ែត្រលេខ ៨៣+៣០០) ស្ថិតនៅក្នុងឃុំក្រាំងស្វាយ កាត់ឃុំសេនារាជឧត្តម ដល់ឃុំបន្ទាយចក្រីនៃស្រុកព្រះស្ដេចដោយត្រូវចំណាយពេលវេលាស្ថាបនាពី ៦ខែទៅ៨ខែ ទើបរួចរាល់។
ទន្ទឹមនឹងនោះដែរក៏មានប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវអារម្មណ៍សប្បាយរីករាយដោយទទួលបានផ្លូវស្អាត និងពេញចិត្តនូវសំណងដែលរដ្ឋាភិបាលបានផ្តល់ជូនបើទោះបីថាការស្ថាបនាផ្លូវនេះចំដីរបស់គាត់ក៏ដោយ ក៏ពួកគាត់នៅតែសប្បាយចិត្តសំខាន់អោយតែផ្លូវបានស្អាតងាយស្រួលក្នុងធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ។ (សូមស្តាប់ការលើកឡើងរបស់ពួកគាត់ដូចតទៅ)។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង ១៨,៣៤០ ម៉ែត្រ នៅភូមិព្រីង ឃុំក្រាងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ឯកឧត្ដមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថា ការបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST នេះដែរក៏ជាតឹកតាងថ្មីបន្ថែមទៀតដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានស្របទៅតាមការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ចជាតិជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលខណៈដែលកម្ពុជាយើង បាននឹងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០ ពោលគឺក្លាយជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់៕