ល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែងក្នុងក្រុងបាត់ដំបងតែសមត្ថកិច្ចហាក់មិនមានវិធានការបង្ក្រាបទាល់តែសោះ

(ខេត្តបាត់ដំបង)៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា មានទីតាំងល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែងកំពុងមានវត្តមានក្នុងក្រុងបាត់ដំបងតែសមត្ថកិច្ចវិញហាក់មិនមានវិធានការបង្ក្រាបទាល់តែសោះ។

ប៉ុន្មានថ្ងៃនេះក្រុមការងារសារព័ត៌មានគេហទំព័រ រស្មីស្ទឹងសង្កែបានចុះផ្តិតយករូបភាពនៅទីតាំងល្បែងស៊ីសងមួយចំនួនមានដូចជា ទីតាំងជាប់តារាងប៊ូលផ្សារបឹងឈូក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទីតាំងទួលតាឯកនៅក្នុងតារាងបាល់ទះ, ទីតាំងនៅក្នុងរបងជាប់តារាងបាល់ទះទួលតាឯក (ភូមិទួលតាឯក ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទីតាំងនៅក្នុងហាងគុយទាវ ទល់មុខខ្លោងទ្វារវត្តខ្វែង ភូមិខ្វែង ឃុំអូរដំបងស្រុកសង្កែ ខេត្តបាត់ដំបង, ទីតាំងជាប់តារាងប៊ូលក្រោយវត្តបាឡាត់, ទីតាំងក្រោយសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងទីតាំងអនឡាញជាច្រើនកន្លែងទៀតដូចជានៅជិតផ្ទះសំណាក់អូខេដេពីមុខផ្សារណាត់ហើយនិងអនឡាញ, នៅដើមពុទ្រា ផ្សារបឹងឈូកជិតកន្លែងបញ្ចូលហ្គាសក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលមានគេស្គាល់ថាម្ចាស់អនឡាញទាំងអស់មានឈ្មោះលោកខុមដែលជាជំនួយការរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង និងប្អូនប្រុសរបស់លោកខុមដែលឈ្មោះតាក់ និងឈ្មោះខេងហើយនិងឈ្មោះតែន សុទ្ធសឹងតែជាមេល្បែងដុះស្លែ។

ទន្ទឹមនឹងនោះក៏មានការលើកឡើងពីប្រជាពលរដ្ឋដោយពួកគាត់បានដាក់ចម្ងល់ថា កន្លងមកគាត់ធ្លាប់ឮថ្នាក់ដឹកនាំចេញបទបញ្ជាឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងសូម្បីតែខលធ្យូនក្នុងទូរស័ព្ទក៏ឮដែរថាមិនឱ្យលេងល្បែងស៊ីសង និងបើកល្បែងស៊ីសងឡើយចុះហេតុអ្វីក៏នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះសម្បូរល្បែងស៊ីសងតាមអនឡាញបែបនេះ? ក្នុងនោះដែរក៏មានពលរដ្ឋខ្លះឆ្ងល់ទៀតថា មូលហេតុដែលគេមិនបង្ក្រាបប្រហែលជាគេត្រូវរ៉ូវគ្នាឬយ៉ាងណា? ពួកគាត់បន្ថែមទៀតថាបើមានល្បែងស៊ីសងច្រើនបែបនេះតើឯណាទៅពាក្យថាភូមិ-ឃុំមានសុវត្ថិភាព?

ជុំវិញករណីល្បែងស៊ីសងតាមអនឡាញទាំងប៉ុន្មានទីតាំងខាងលើនេះអង្គភាពសារព័ត៌មានគេហទំព័ររស្មីស្ទឹងសង្កែក៏បានបញ្ជូនរូបភាពទាំងនេះដើម្បីរាយការណ៍ជូនទៅលោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងដែរតែបានត្រឹមឆ្លើយថាជាប់រវល់នៅភ្នំពេញ និងចាំឱ្យគេចុះទៅមើល។ រីឯឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងវិញបានត្រឹមឆ្លើយថា អរគុណ និងសុំរូបភាពទីតាំងតែរហូតដល់ពេលនេះឃើញថាទីតាំងល្បែងទាំងនោះបើកលេងដដែល។

សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី តម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក/ក្រុង/ខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនឹងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។

ដូច្នេះក៏សូមសំណូមពរដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមមេត្តាមានបទបញ្ជាចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងទាំងអស់នេះផងទានដើម្បីចូលរួមថែរក្សានិងការពារសេចក្តីសុខសុវត្ថិភាពជូនដល់ពួកគាត់ក្នុងការរស់នៅព្រោះថាបើមូលដ្ឋានណាដែលមានល្បែងស៊ីសងមូលដ្ឋាននោះមិនយូរទេនឹងកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន ជាពិសេសដើម្បីចូលរួមអនុវត្តន៍នូវច្បាប់ភូមិ-ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare