រដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងការចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ
(រតនគិរី)៖ អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី បានបង្ហាញការតាំងចិត្តពង្រឹងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅក្នុងភូមិសាស្រ្តរបស់ខ្លួន។ នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក សូ វណ្ណធិន អភិបាលនៃគណៈអភិបាលស្រុកតាវែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដែលមានការចូលរួមពីអភិបាលរងស្រុក មេឃុំ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរួមជាមួយមន្រ្តីឧទ្យានុរក្ស និងបានបង្ហាញពីផែនទីតំបន់ការពារធម្មជាតិដែលទើបទទួលបានពីក្រសួងបរិស្ថានដើម្បីណែនាំឱ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃមធ្វើជាកម្មសិទ្ធិព្រមទាំងពង្រឹងការចូលរួមទប់ស្កាត់ និងបង្រា្កបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានប្រគល់ផែនទីតំបន់ការពារធម្មជាតិចំនួន ១៣២ផ្ទាំង ជូនរដ្ឋបាលខេត្តចំនួន២១ និងរដ្ឋបាលស្រុក ក្រុងចំនួន១១១ ដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថានក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណិត្តទី៧ នៃរដ្ឋសភា និងអនុលោមតាមភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានក្នុងបរិបទសុក្រឹតកម្មបរិស្ថានកិច្ច។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ការប្រគល់ជូនផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសក្ខីភាពមួយនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែលមានក្រសួងបរិស្ថានជាអ្នកតាក់តែងគោលនយោបាយ និងគាំទ្រការជំរុញប្រសិទ្ធភាពអនុវត្តច្បាប់ពីថ្នាក់ក្រោមជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយភាពម្ចាស់ការ ការទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះពិសេសឱ្យសម្រេចបានជោគជ័យដ៏ឧត្តុង្គឧត្តមជូនរាជរដ្ឋាភិបាល និងសង្គមជាតិកម្ពុជា។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានជំរុញឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងដៃគូសហការទាំងអស់តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងប្រសិទ្ធភាព គ្រប់គ្រងតំបន់ការពារធម្មជាតិដោយអនុលោម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងដោយជំរុញសម្រេចគោលដៅកម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។
សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិបានកើនឡើងពីចំនួន២៣តំបន់ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣លានហិកតា ស្មើនឹង១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ ដល់ចំនួន ៧៣តំបន់ ដែលមានផ្ទៃដីសរុបជាង៧លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេសនាពេលបច្ចុប្បន្ន៕