គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ៤១គ្រួសារ នៅស្រុកកំពង់ត្របែកទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តបានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៤១គ្រួសារក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ១៣គ្រួសារ (ប្រភេទ ក) និងខូចខាតមធ្យមចំនួន ២៨គ្រួសារ (ប្រភេទ ខ) ក្នុងស្រុកកំពង់ត្របែក នៅឃុំគោខ្ចក និងឃុំប្រាសាទ ស្មើនឹង ៦ភូមិ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤ៈ៣០នាទីល្ងាច។  

ថ្លែងនាឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តបាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុតចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនូវទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់បាក់រលំផ្ទះនាពេលនេះព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះនៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត បានបន្តទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយបក្សពួកនិយមណាមួយនោះទេ។ (ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សម្រាប់យើងគ្រប់ៗគ្នា)។ ឯកឧត្តមប្រធានក៏បានផ្សព្វផ្សាយបន្ថែមអំពីការចូលរួមអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ គោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់ការប្រើប្រាស់ថង់ប្លាស្ទិក សរុបអ្នកចូលរួមចំនួន ៧៨នាក់ ស្រី ៥២នាក់។

សម្ភារៈផ្តល់ជូនរួមមាន៖
-រងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ៖ អង្ករ ២៥គ.ក កន្ទេល ១ តង់ ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។
-រងគ្រោះមធ្យម (ប្រភេទ ខ) ៖ អង្ករ ២៥គ.ក កន្ទេល ១ មី ១កេស ត្រី ខ ១យួរ ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០,០០០រៀល។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare