ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ខណ:ដែលសង្ក្រាន្តប៉ៃលិនឆ្នាំ២០២៤នេះមានភ្ញៀវទេសចរណ៍បានមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនរហូតដល់ជិត១លាននាក់កើនឡើងហួសពីការរំពឹងទុករបស់អាជ្ញាធរ
(ខេត្តប៉ៃលិន)៖ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គេសង្កេតឃើញការរៀបចំសង្ក្រាន្តប៉ៃលិនឆ្នាំ២០២៤នេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងខណ:ដែលភ្ញៀវទេសចរណ៍បានចូលមកលេងកម្សាន្តក្នុងខេត្តមួយនេះ មានការកើនឡើងខ្ពស់ហួសពីការរំពឹងទុករបស់អាជ្ញាធរខេត្ត ដោយក្នុងនោះនៅតាមគោលដៅទេសចរណ៍រមណីយដ្ឋាននានា ទូទាំងខេត្តបានទទួលស្វាគមន៍ទេសចរជាតិ និងអន្តរជាតិរហូតដល់ចំនួន ៨០៨២៨៩នាក់ សម្រាប់រយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨។ ដូច្នេះ ប្រជាពលរដ្ឋដែលលក់ដូរគ្រឿងសម្ភារ:ផ្សេងៗ និងម្ហូបអាហារពិតជាដាច់ខ្លាំងរីឯផ្ទះសំណាក់សណ្ឋាគារក៏ស្ទើរតែរកកន្លែងឱ្យភ្ញៀវសម្រាកគ្មានដែរដោយមានភ្ញៀវពេញៗតែម្តង។
បើតាមប្រភពព័ត៌មានពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឱ្យដឹងថា សម្រាប់សង្ក្រានប៉ៃលិនរយៈពេល ៤ថ្ងៃគឺស្ថានភាពទូទៅក្នុងខេត្តប៉ៃលិននេះមានភាពល្អប្រសើរ គ្មានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេខណ:ដែលអាជ្ញាធរខេត្តក៏បានដឹកនាំប្រជាពលរដ្ឋរាំលេងកម្សាន្តនៅតាមគោលដៅសង្ក្រាន្តទាំងចំនួន៤គោលដៅ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំង៤ថ្ងៃសរុបរួម ៨០៨២៨៩នាក់ ក្នុងនោះភ្ញៀវជាតិ ៧៨៨២៦៥នាក់ និងភ្ញៀវអន្តរជាតិ ២០០២៤នាក់ បានមកលេងកម្សាន្តយ៉ាងច្រើនកុះករនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត និងទីកន្លែងរាំកំសាន្ត តំបន់ត្រជាក់ចិត្ត រៀបចំដោយរដ្ឋបាលខេត្តប៉ៃលិនតែម្តង។ លោកបន្តទៀតថា ការលក់ដូររបស់អាជីវករនៅតាមគោលដៅនីមួយៗ ដាច់ខ្លាំងព្រមទាំងនំចំណីផ្សេងៗក៏មានភ្ញៀវទិញយកទៅទទួលទានតាមខ្យុសជួបជុំក្រុមគ្រួសារខណ:ដែលមានភ្ញៀវធ្វើដំណើរមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប និងរហូតដល់រាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ផងដែរថា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ រដ្ឋបាលខេត្តប៉ៃលិនបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តធ្វើការរៀបចំសង្ក្រាន្តនៅទីតាំងចំនួន៤កន្លែងក្នុងក្រុងប៉ៃលិនដើម្បីបង្កើតភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ គឺ៖
ទី១-បរិវេណវិមានឯករាជ្យខេត្ត
ទី២-មាត់ស្ទឹងតារាប
ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត
ទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដោយតាមគោលដៅនីមួយមានការរាំលេងកម្សាន្ត និងមានរថយន្តបាញ់ទឹកឱ្យត្រជាក់ត្រជុំនាពេលថ្ងៃក្តៅខ្លាំងផងដែរ៕