ប្រជាពលករខ្មែរសម្រុកចូលមកលេងស្រុកខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងច្រើនកុះករ
(ខេត្តប៉ៃលិន)៖ រហូតមកដល់ថ្ងៃទី១១ ខែមេស ឆ្នាំ២០២៤ គេសង្កេតឃើញពលករខ្មែរជាច្រើននាក់ដែលធ្វើការនៅប្រទេសថៃបាននាំគ្នាវិលត្រលប់ចូលមកស្រុកខ្មែរវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយជាប់នឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានចុះពិនិត្យមើលការសម្របសម្រួលរបស់មន្ត្រីជំនាញដោយការយកចិត្តទុកដាក់ខ្ពស់ ជូនដល់ប្រជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃខណៈវិលត្រលប់ចូលមកកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។
លោកជំទាវអភិបាលខេត្តបានលើកឡើងថា ជាការឆ្លើយតបតាមសំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដើម្បីសម្របសម្រួលដល់ការវិលត្រឡប់មកស្រុកកំណើតរបស់ពលរដ្ឋកម្ពុជាអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋាភិបាលថៃតាមរយៈក្រសួងមហាផ្ទៃថៃបានអនុញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតិចេញ-ចូល (Re-Entry Pemit) សម្រាប់បងប្អូនពលករកម្ពុជាដែលធ្វើដំណើរចេញ-ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ លោកជំទាវបានបន្ថែមថា ការលើកលែងតម្លៃសេវាឆ្លងដែននេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន និងលិខិតធ្វើដំណើរបពោលគឺពលករកម្ពុជាទៅធ្វើការនៅបរទេស(TD) និងមានទិដ្ឋាការការងារ (Nom-immigration L-A Visa ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ក្រោមការទទួលខុសត្រូវខ្ពស់ចំពោះប្រមុខរាជរដ្ឋាភិបាល លោកជំទាវ បាន ស្រីមុំ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ននានាដែលបានឈរជើងនៅច្រកទ្វាព្រំដែនអន្តរជាតិទាំងកម្ពុជា និងថៃ ដើម្បីសម្របសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋជាពិសេសបងប្អូនពលករ និងភ្ញៀវជាតិ+អន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ។
ជាមួយគ្នានោះដែរ បងប្អូនពលករដែលធ្វើដំណើរមកលេងស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា-ថៃ ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការសម្របសម្រួលដល់ពួកគាត់មកលេងស្រុកកំណើតដោយមិនបាច់បង់ប្រាក់ ។ សូមបញ្ជាក់ថា៖ ពលករធ្វើដំណើរ ចេញ-ចូល តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន ៤១៥៥នាក់ ស្រី ២០០១នាក់ កុមារ ១៤នាក់ ដោយក្នុងនោះ ធ្វើដំណើរចូល ចំនួន ២១៣១នាក់ ស្រី ១០១៤នាក់ កុមារ ១៤នាក់ និងធ្វើដំណើរចេញ ២០២៤នាក់ ស្រី៩៨៧នាក់ ៕