ខេត្តស្ទឹងត្រែងជាខេត្តទីបីធ្វើមោឃភាពរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់នៅភូមិសាស្ត្រឃុំតាឡាត

(ស្ទឹងត្រែង)៖ ភាពអនាធិបតេយ្យនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរនៅចំណុចអូរវល្លិ៍បករាំដំឡឹងនៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កើតឡើង និងកំពុងកើតឡើងយ៉ាងរញ៉េរញ៉ៃដែលបណ្តាលឱ្យរដ្ឋបាលខេត្តស្ទឹងត្រែងអនុវត្ត​វិធានការ​ច្បាប់១០០% តាមរយៈការជូនដំណឹងជាលើកទីពីររបស់ខ្លួនជាបន្ទាន់ធ្វើមោឃភាពនូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃ​ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដែលបានហាមឃាត់ ដកហូតយកមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ដាំដំណាំ សង់លំនៅដ្ឋាន​ក្នុងតំបន់ការពារធម្មជាតិ ។

ខ្លឹមសារនៃសេចក្តីជូនដំណឹងបានកំណត់ឱ្យសាធារណជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនឹងដីរដ្ឋយកធ្វើកម្មសិទ្ធិត្រូវរុះរើ និងចាកចេញ ពីថ្ងៃជូនដំណឹង ៥-១៥ ខែមេសា ឆ្នាំ ២០២៤ ជាកំហិត។ ក្នុងករណីរឹងរូស នៅតែបំពានកាប់គាស់ រុករាន ដុតបំផ្លាញព្រៃយកដីធ្វើកម្មសិទ្ធិបន្តទៀតនឹងត្រូវអនុវត្តវិធានការយ៉ាងធ្ងន់បំផុត។ អាជ្ញាធរនឹងបន្តស្រាវជ្រាវរកមុខមេខ្យល់ដែលបញ្ឆេះឱ្យពលរដ្ឋចាប់យកដីរដ្ឋ និងរុករានដីព្រៃ និងអ្នកពាក់ព័ន្ធនឹងចាត់វិធានការយ៉ាងក្តៅគគុក កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare