ចាប់ខ្លួនព្រះសង្ឃចៅអធិការវត្តរួមនឹងព្រះគ្រូសូត្រស្ដាំ ករណីជួញដូរគ្រឿងញៀន
(ព្រៃវែង)៖ ព្រះសង្ឃចំនួន២អង្គក្នុងនោះមានដូចជាព្រះគ្រូចៅអធិការវត្ត និងព្រះគ្រូសូត្រស្ដាំដែលគង់នៅក្នុង”វត្តព្រៃមូល” ក្នុងស្រុកមេសាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងធ្វើការឃាត់ខ្លួន និងដកហូតបានវត្ថុតាងថ្នាំញៀនចំនួន៨កញ្ចប់ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ និងចែកចាយថ្នាំញៀនមួយចំនួនទៀត។
ការចាប់ឃាត់ខ្លួននេះធ្វើឡើងក្នុងទីអារាមវត្តព្រៃមូលស្ថិតនៅក្នុងឃុំទទឹង ស្រុកមេសាង ខេត្តព្រៃវែង កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
នៅអំឡុងពេលចុះទៅបង្ក្រាប កម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានញុះញង់ បញ្ឆោតឱ្យជនសង្ស័យបញ្ចេញវត្ថុតាងរួចក៏ចូលទៅបង្ក្រាបតែម្ដង។ ព្រះសង្ឃទាំង២អង្គមាន៖
ទី១-ព្រះនាម សូ សុខា ព្រះជន្ម៦០វស្សា ជាព្រះគ្រូចៅអធិការ “វត្តព្រៃមូល” ឃាត់ខ្លួន។
ទី២-ព្រះនាម ធី ម៉ាប់ ព្រះជន្ម២៧វស្សា ជាព្រះគ្រូសូត្រស្ដាំ នៅ “វត្តព្រៃមូល” ឃាត់ខ្លួន។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន៨កញ្ចប់ ឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន ទូរសព្ទដៃ៣ គ្រឿង ដែកកេះ ៣គ្រឿង និងម៉ូតូមួយគ្រឿងផងដែរ។
សូមបញ្ជាក់ថា៖ វត្តព្រៃមូលនេះមានព្រះសង្ឃតែពីរអង្គនេះទេក្រោយពេលត្រូវចាប់ឃាត់ខ្លួនសង្ឃទាំង២អង្គនេះហើយ នៅវត្តព្រៃមូលពុំមានព្រះសង្ឃគង់នៅឡើយ ពេលនេះគណៈកម្មការសង្ឃ និងអាជ្ញាធរកំពុងដោះស្រាយរកសង្ឃដើម្បីមកគង់នៅបន្ត សម្រាប់ពុទ្ធបរិស័ទបានធ្វើបុណ្យ។ ព្រះសង្ឃទាំង២អង្គត្រូវបានចាប់ផ្សឹករួចបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕