ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

(ខេត្តប៉ៃលិន)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិនបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សនៅខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានអាន សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តប៉ៃលិនបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិកសមាជិការគណបក្សដែលបានខិតខំបំពេញតួនាទី និងភារកិច្ចបម្រើជាតិព្រមទាំងប្រជាជនយ៉ាងល្អធ្វើឱ្យគណបក្ស និងរាជរដ្ឋាភិបាលបន្តទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយនានា ។

ឯកឧត្តមប្រធានបានមានប្រសាសន៍លើកឡើងថា រាល់ខ្លឹមសារនៃឯកសារនានាដែលគណបក្សបានសម្រេចអនុម័តក្នុងមហាសន្និបាតវិសាមញ្ញកាលពីពេលថ្មីៗនឹងត្រូវបានយកមកផ្សព្វផ្សាយជាបន្តបន្ទាប់ក្នុងគោលបំណងត្រូវការចំណុចសំខាន់មួយដ៏ធំបំផុតគឺការឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដើម្បីគណបក្ស និងរាជរដ្ឋាភិបាល មានលទ្ធភាពយកខ្លឹមសារទាំងនេះទៅអនុវត្តជាក់ស្ដែងដែលនាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជន ។

ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ផ្ដល់នូវទស្សនទានជូនដល់អង្គពិធីដែរអំពីសភាពការណ៍អន្តរជាតិហើយទន្ទឹមគ្នានឹងបញ្ហាប្រឈមនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅក្នុងប្រទេសឯណេះវិញ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តធ្វើសកម្មភាពញ៉ុះញង់ អុជអាល បំប៉ោង បំភ្លៃការពិត ប៉ុនប៉ងបង្កឱ្យមានចលាចល និងអស្ថិរភាពក្នុងសង្គមដើម្បីបម្រើមហិចតាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារបានមានប្រសាសន៍បង្ហាញក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត គណៈកម្មាធិការគណបក្សខេត្ត និងបណ្ដាយន្តការគណបក្សផ្សេងទៀតនឹងបន្តរួមគ្នាខិតខំបម្រើប្រជាពលរដ្ឋក្នុងនោះរួមទាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីចូលរួមធានាស្ថិរភាពសង្គមពិសេសខិតខំធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យជាបន្តទៀតនូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមជាដើម ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare