វគ្គបំប៉នស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តព្រៃវែង

(ព្រៃវែង)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែងបានបើកវគ្គបំប៉នស្ដីពីការងារចុះបញ្ជីដីធ្លីជូនដល់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តព្រៃវែងឱ្យទទួលបានចំណេះ  ជំនាញថ្មីៗឱ្យកាន់តែច្បាស់លាស់បន្ថែមទៀតក្នុងការចុះអនុវត្តការងាររបស់ខ្លួនទៅតាមគោលដៅប្រកបដោយប្រសិទ្ធភាព។

ដោយពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម សួន សូផា អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លី លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានក្រុមចុះបញ្ជីដីធ្លីទាំង៨ក្រុម មន្ត្រីចុះបញ្ជី មន្រ្តីជាប់កិច្ចសន្យា មន្រ្តីស្ម័គ្រចិត្តទាំងអស់របស់ក្រុមចុះបញ្ជីទាំង៨ក្រុម ។

ក្នុងនោះដែរ លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែងបានរាយការណ៍ថា លទ្ធផលការងារដែលបានអនុវត្តកន្លងមកប្រមាណ ២០ ឆ្នាំនេះបានប្រកាសតំបន់បានចំនួន៨៧៤ ភូមិ ស្មើនឹង ១០០ ឃុំ សង្កាត់ ១៣ ស្រុក-ក្រុង។  ប្រមូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី, បញ្ចូលទិន្នន័យបានចំនួន ៨៥៦,៦៨០ ក្បាលដី, គូរក្បាលដីបានចំនួន ៨៤៦,០៥៥ក្បាលដី, បិទផ្សាយបានចំនួន ៧១៥,៣៥៣ ក្បាលដី, ចុះហត្ថលេខារួចបានចំនួន ៦៧៤,៦០៤ប័ណ្ណ, ចែកបណ្ណដល់ដៃបានចំនួន ៦៦៩,៣៦៨ ប័ណ្ណ, បានអនុវត្តស្រុកចប់ជាស្ថាពរចំនួន ០៣ ស្រុក ស្មើ ៣១ ឃុំ និងមាន ៣៧៩ ភូមិ (ស្រុកបាភ្នំ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ) ។ ឃុំកំពុងអនុវត្តមានចំនួន ១៨ ឃុំ និងមាន ៧៩ភូមិ ។ ចំនួនឃុំមិនទាន់បានចុះអនុវត្តមានចំនួន ១៦ ឃុំ មាន ២០៣ ភូមិ បានវាស់វែងចប់ ស្រុកកំចាយមារ ស្រុកកំពង់ត្របែក ក្រុងព្រៃវែង និងស្រុកកញ្ជ្រៀច ។ នៅសល់ស្រុកមិនទាន់វាស់វែងចប់មានស្រុកពារាំង ស្រុកស៊ីធរកណ្ដាល ស្រុកពោធិ៍រៀង ស្រុក ពាមរក៏ ស្រុកពាមជរ និងស្រុកមេសាង ។

ថ្លែងនៅក្នុងឱកាសនោះដែរ លោក ចាន់ រ៉ាន់ អភិបាលរងខេត្តបានមានប្រសាសន៍ថា បញ្ហាដីធ្លីនេះគឺត្រូវបានប្រជាពលរដ្ឋគាត់តែងតែលើកឡើងជាសំណូមពរ បញ្ហាមួយចំនួននៅតាមវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់សាធារណៈរបស់ខេត្តទៅតាមមូលដ្ឋានហើយខេត្តក៏បានខិតខំយកចិត្តទុកដាក់ពន្លឿនក្នុងការធ្វើការងារទាំងអស់នេះជូនពួកគាត់ឱ្យបានទាន់ពេលវេលាផងដែរ។

លោកអភិបាលរងខេត្តក៏សូមផ្ដាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ពេលគ្រូបង្រៀន សូមឱ្យមានការបំផុសជាសំនួរឱ្យបានច្រើននូវចំណុចណាមិនទាន់បានយល់ច្បាស់លាស់ អំពីច្បាប់ (ឯកសារពាក់ព័ន្ធអ្វីខ្លះចាំបាច់ត្រូវយកសម្រាប់ចុះបញ្ជីដីធ្លី) ព្រមទាំងកិច្ចការងារបច្ចេកទេសវាស់វែងក្តីឬក៏រៀបចំដែនដី និងការងារផ្សព្វផ្សាយក្ដី។

ក្នុងនោះដែរ ឯកឧត្ដម សួន សូផា អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងជានាយកកម្មវិធីរដ្ឋបាលដីធ្លីបានមានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារយកអស់កម្លាំងកាយចិត្តរបស់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែងដែលបានបំពេញការងារទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះទោះបីជូបនូវឧបសគ្គយ៉ាងណាក៏ដោយ។

ឯកឧត្តមក៏បានបន្ថែមទៀតថា ការបើកសិក្ខាសាលានេះគឺក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដល់មន្ត្រីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែងឱ្យគាត់ទទួលបាននូវចំណេះ ជំនាញថ្មីៗ បន្ថែមទៀតសម្រាប់បំពេញបន្ថែមចំពោះការងាររបស់ខ្លួនដែលបានអនុវត្តកន្លងមកឱ្យមានប្រសិទ្ធភាព និងដំណើរការបានទៅដោយរលូន និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏សូមផ្ដាំផ្ញើទៅមន្ត្រីទាំងអស់ត្រូវសួរនៅចំណុចដែលខ្លួនមិនច្បាស់ត្រង់ចំណុចណាមួយទៅលោកគ្រូដែលបង្ហាញនៅនីតិវិធីមួយចំនួននោះ ដើម្បីឱ្យគាត់បកស្រាយជូនខ្លួនដើម្បីទុកជាមូលដ្ឋានសម្រាប់ខ្លួនធ្វើការងារនេះទទួលបានប្រសិទ្ធភាពខ្ពស់។ ដើម្បីធ្វើយ៉ាងណាបំពេញ តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននោះឱ្យកាន់តែប្រសើរឡើងទ្វេដងបន្ថែមទៀតធ្វើយ៉ាងណាដើម្បីបញ្ចប់ការវាស់វែងដីធ្លីនេះជូនគាត់បានលឿន និងឆាប់ចប់នៅពេលខាងមុខនេះ។

ឯកឧត្តមក៏បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលនេះជូនដល់មន្ត្រីនៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែងចាប់ពីពេលនេះតទៅ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare