ទី​តាំង​បង្កប់ល្បែង​សុីសងតាមអនឡាញដ៏ធំនៅហាងកាហ្វេមួយកន្លែងមានយីហោ(តូតូ កាហ្វេ ToTo cafe)

ភ្នំពេញ៖ ទី​តាំង​បង្កប់ល្បែង​សុីសងតាមអនឡាញដ៏ធំនៅហាងកាហ្វេមួយកន្លែងមានយីហោ(តូតូ កាហ្វេ ToTo cafe) បាននឹងកំពុងបេីក លេងយ៉ាងគគ្រឹកគគ្រេងដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះឡើយ ។

បើតាមអ្នកចេញចូលហូបកាហ្វេក៏ដូចជាអ្នកលេងល្បែងសុីសងតាមអនឡាញខាង លើបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ទីតាំងខាងលើនេះគឺមានល្បែងសុីសងជាច្រើនប្រភេទដូចជា ៖ ល្បែងភ្នាល់បាល់​, ជល់មាន់ និងឡូតូអនឡាញផង ដែរ ។

ប្រជាពលរដ្ឋរស់នៅជិតទីតាំងនោះបានឱ្យអ្នកសារព័ត៌មានដឹងថា ចំពោះទីតាំង ហាងលក់កាហ្វេនេះពួកគាត់ឃើញមានមនុស្សចេញចូលលេងល្បែងសុីសងតាម អនឡាញ ជាហូរហែដោយមានក្រុមអ្នកញៀនល្បែងចូលលេងពពាក់ពពូនគ្នាយ៉ាងច្រើនកុះករទៀតផងដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនសំណែនព្រេនជូនដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអស់ទេដឹងបានជាមិនធ្វើការបង្ក្រាបបែបនេះបែរជាបណ្ដែតបណ្ដោយឱ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលូនឬមួយខ្លាចបែកឆ្នាំងបាយទេដឹងបានជាអាជ្ញាធរមានសមត្ថ កិច្ចក្នុងមូលដ្ឋានសំងំស្ងៀមបែបនេះ។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត-១៩ទើបនឹងបំឡែងខ្លួនថ្មីឈ្មោះថា(អូមីក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនិងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនោះ​ឡេីយ​។

គួរបញ្ជាក់ថា កន្លង​មក​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ ឱ្យ អភិបាលខណ្ឌ ទាំង១៤ ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់​ប្រភេទ​ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​ផ្សេង​ទៀត​ផង។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជា រកឃើញថា ទីតាំងណាដែលបើក​ល្បែង​ស៊ី​សង​ ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ បិទអាជីវកម្មនោះហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំង មន្ដ្រីជំនាញពាក់ព័ន្ធជារូបច្រើនទៀត។

ទន្ទឹមគ្នានោះដែរ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ៗថា អាជ្ញាធរមានសមត្ថ កិច្ចក៏ដូចជាអាជ្ញាធរដែនដីត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់បំផុត មិនត្រូវអនុញ្ញាតឱ្យមានល្បែង​ស៊ី​សង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ និង​អាជីវកម្ម ណេត កាហ្វេ អនឡាញ ដែលមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ជាដាច់ខាតក្នុងករណីដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនត្រូវបង្ក្រាបភ្លាមៗទាំងអ្នកលេង និងម្ចាស់ទីតាំងដែលប្រកបអាជីវកម្មខុសច្បាប់នេះ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលពាក់ព័ន្ធ ក្រោមឱវាទ​ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឱ្យបាន​នូវ​សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ឱ្យស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មានសុវត្ថិភាពទាំង​ ៧ចំណុច​របស់រដ្ឋាភិបាល​ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

យ៉ាងណាក្តី ប្រជាពលរដ្ឋនៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានដែលមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងលោក អ៊ុក បូនីន​ អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ​ សូមមេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនិងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare