ឯកឧត្តម អុី ឈាន អញ្ជើញចូលរួមពិធីសម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់ដងទង់​សាសនា កំពស់២១ម៉ែត្រ​ ក្រោមអធិបតីភាព​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន​

ប៉ៃលិន​ ៖​ ព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានអញ្ជើញទទួល និងអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចចូលរួមពិធីលើកទង់ និងដាក់សម្ពោធដងទង់សាសនាប្រើប្រាស់ជាផ្លូវការនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

លោកជំទាវបានថ្លែងថា សម្រាប់ខេត្តប៉ៃលិនពីអតីតកាល គឺជាទីតាំងនិងសមរភូមិក្តៅប៉ុន្តែបច្ចុប្បន្ននេះបានប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យរួមជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនតូចធំ និងសេដ្ឋកិច្ចតាមព្រំ ដែនរីកចម្រើនគួរអោយកត់សម្គាល់ដែលបានជំរុញកំណើនសេដ្ឋកិច្ច នៃខេត្តប៉ៃលិនបានមួយកម្រិត និងជួយកាត់បន្ថយភាពក្រីក្រព្រមទាំងកាត់បន្ថយការធ្វើចំណាកស្រុកជាដើម។

កម្មវិធីនេះផងដែរក៏មានវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៉ីម ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៉ីពោធិ៍ និងក្រុមគ្រួសារព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ពិធីថ្ងៃនេះអាចដំណើរការទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវការបង្រួបបង្រួមជាតិ ទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញមានស្ថិរភាពនយោបាយ តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ និងនាំមកនូវការអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយភាពទាក់ទាញ ។

លោកជំទាវបានថ្លែងនូវការកោតសរសើរដល់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តដឹកនាំនិងកសាងនូវរាល់សមិទ្ធផលក្នុងខេត្តមានការ​រីក ចម្រើនគួរឱ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ដោយឡែកសមិទ្ធផលដងទង់ថ្មី ១គូរថ្ងៃនេះ បានបង្ហាញអំពីការរីកចំរើនផ្នែកពុទ្ធចក្រដែលបានកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៉ីពោធិ៍ ព្រមទាំងក្រុមគ្រួសារដែលបានរួមគ្នាកសាងនូវដងទង់ ១គូ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់ប្រមាណ ២៤,០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា ។

លោកជំទាវបានអំពាវនាវឱ្យប្រជាពលរដ្ឋនិងព្រះសង្ឃត្រូវ ៖
១. បន្តការខិតខំតទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ ។
២. ត្រូវចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «អូមីក្រុង» ។
៣. ថែរក្សា ការពារ នូវសមិទ្ធផលនេះឱ្យបានស្ថិតស្ថេរគង់វង្សទុកជាសម្បត្តិក្នុងព្រះពុទ្ធសាសនា ។
៤. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជម្រុញក្នុងការចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានឱ្យទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដែលបានកំណត់សម្រាប់ដូសទី១ កុមារមានអាយុ ៥ឆ្នាំ និងការបន្តចាក់ដូសទី៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលចូលក្នុងសហគមន៍ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare