លោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍បានចុះពិនិត្យទីតាំងដែលសង្ស័យថាមានបង្កប់ល្បែងស៊ីសង
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងាររបស់រដ្ឋបាល និងកម្លាំងសណ្ដាប់ខណ្ឌដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍បានចុះពិនិត្យទីតាំងដែលសង្ស័យថាមានលេងល្បែងស៊ីសងដូចជា ៖
១/ភោជនីយដ្ឋាន ផ្ទះអង្គរ២ ស្ថិតនៅផ្លូវលេខ ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារដើរពិនិត្យជាក់ស្ដែងពុំឃើញមានលេងល្បែងស៊ីសង និងមានអ្វីខុសពីធម្មតានោះទេឃើញតែបុគ្គលិកកំពុងរៀបចំហាងចាំទទួលភ្ញៀវតែប៉ុណ្ណោះ ។
២/ផ្ទះបិទទ្វារពណ៌ស ស្ថិតនៅផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានចូលពិនិត្យពុំឃើញមានទូបាញ់ត្រី ឬ ទូហ្គេមនោះទេឃើញតែម្ចាស់ផ្ទះនៅតែម្នាក់ឯងនិងកុំព្យូទ័រ ចំនួន២គ្រឿង ។
ក្រុមការងារក៏បានណែនាំដល់ម្ចាស់ហាងនិងម្ចាស់ផ្ទះកុំឱ្យមានលេងល្បែងស៊ីសងឲ្យសោះ៕