ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលួចរថយន្ត
ខេត្តបាត់ដំបង : ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងមានការសម្របសម្រួលទៅលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនិង ឯកឧត្ដម ជីវ ចន្ទតារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ២១:២២ នាទី នៅចំណុចផ្ទះសំណាក់យីហោ ភ្នំ ឌិន តារា ដែលស្ថិតនៅក្នុងភូមិផ្សារ ឃុំភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលដឹកនាំដោយលោកវរសេនីយ៍ ឯក ពេជ្រ សារ៉ែន កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឃុង ញីវ និង កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ បានចុះប្រតិបត្តិការបង្ក្រាបករណីលួច ( យករថយន្ត ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ វ៉ាន មឿន ហៅ ឡាក់ ឡូ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មកកាន់ស្នងការដ្ឋាន ។
កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ១០:២០ នាទី នៅចំណុចមន្ទីរពេទ្យសម្រាកព្យាបាល កែ ស៊ីនួន ស្ថិតនៅក្នុងក្រុមទី ២០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលេី បានធ្វេីសកម្មភាព និយាយកុហកទៅជនរងគ្រោះ ឈ្មោះ អុង ប៊ុនធាង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិ ផ្សារព្រំ សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថាខ្លួនជាសន្តិសុខមន្ទីរពេទ្យ ដេីម្បីអោយជនរងគ្រោះប្រគល់កូនសោររថយន្តអោយខ្លួន។
នៅពេលដែលជនរងគ្រោះប្រគល់កូនសោររថយន្តអោយហេីយ ជនសង្ស័យក៏បានបេីករថយន្តទៅបាត់រហូតដល់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ ទេីបកម្លាំងសមត្ថកិច្ចយេីង បានធ្វេីការឃាត់ខ្លួនជនសង្ស័យបាននៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ ។
វត្ថុតាងដកហូតរួមមាន ៖
- រថយន្តមួយគ្រឿងម៉ាក Lexus RX330 ពណ៌ ទឹកមាស ស៊េរីឆ្នាំ ២០០៤ ពាក់ស្លាកលេខ បាត់ដំបង 2B-8568 ( ជារថយន្តរបស់ជនរងគ្រោះ )
- ទូរស័ព្ទដៃ សេរីចាស់ ០១ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕