រដ្ឋបាលខេត្តព្រៃវែងបានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២៤

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងដែលមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រីជាប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរស្រុក-ឃុំគ្រប់លំដាប់ថ្នាក់។

មានប្រសាសន៍បើកក្នុងពិធីនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានគោលបំណងបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ៖
១.ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានាដែលក្រុមប្រឹក្សាសម្រេចបាននិងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២៤។
២.ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានានៃផែនការអភិវឌ្ឍរបស់រដ្ឋបាល ខេត្តសម្រាប់ឆ្នាំ២០២៥។
៣.ផ្តល់ឱកាសដល់ប្រជាពលរដ្ឋទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា។
៤.ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប ។

លទ្ធផលរំពឹងទុកនោះមាន៖
១.ប្រជាពលរដ្ឋទទួលបានព័ត៌មានទាំងឡាយដែលក្រុមប្រឹក្សាសម្រេចបានក្នុងឆ្នាំកន្លងមក។
២.ប្រជាពលរដ្ឋបានបញ្ចេញមតិ និងយល់ដឹងអំពីសកម្មភាពអភិវឌ្ឍរបស់រដ្ឋបាលខេត្តនាឆ្នាំបន្ទាប់។
៣.ប្រជាពលរដ្ឋទទួលបាននូវការឆ្លើយតបសកម្មភាពជាអាទិភាព និងការផ្តល់សេវាសង្គមប្រកបដោយសមធម៌។
៤. ព័ត៌មានអំពីសេចក្តីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាត្រូវបានផ្សព្វផ្សាយទូលំទូលាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងនោះក្រុមប្រឹក្សាឃុំបានពាំនាំនូវសំណូមពរ និងបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋលើកឡើងនៅក្នុងអង្គវេទិកាមានចំនួន ១៥ សំនួរដោយដោះស្រាយនៅនឹងកន្លែងបានចំនួន១៣ និងបន្តជំរុញដោះស្រាយនូវបញ្ហាសំណូមពរដែលនៅសេសសល់មួយចំនួនទៀតនៅថ្នាក់ក្រសួង។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ បន្ថែមទៀតថា ការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែងសម្រាប់ឆ្នាំ២០២៤នេះបានប្រព្រឹត្តទៅដោយរលូន និងបានធ្វើការដោះស្រាយបញ្ហា សំណូមពរដែលបានលើកឡើងនៅក្នុងអង្គវេទិកានេះបានមួយចំនួន និងបន្តដោះស្រាយបញ្ហាមួយចំនួនទៀត។ ដើម្បីធ្វើយ៉ាងណារកនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិនិត្យ ដោះស្រាយ និងបន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ ស្រុកឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare