ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ
ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ជាពិសេសការរួមចំណែកពង្រឹងគុណភាព និងពង្រីកសក្ដានុពលយុវជនកម្ពុជា។
ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានារបស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង ឯកឧត្តម ស សុខា បានរំលឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាបានរួមចំណែកបង្កើត និងចូលរួមធ្វើសកម្មភាពវិជ្ជមានក្នុងព្រឹត្តិការណ៍ជាច្រើនដើម្បីលើកតម្កើងកិត្តិយសជាតិ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជនពិសេសយុវជន។
ជាក់ស្ដែងនៅខេត្តបាត់ដំបង ខេត្តព្រៃវៃង ខេត្តបន្ទាយមានជ័យ និងបណ្ដារាជធានីខេត្តផ្សេងៗទៀត សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ជាបន្តបន្ទាប់ដោយក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ស.ស.យ.ក. បានរួមចំណែកជួយគាំទ្រ និងលើកកម្ពស់វិស័យសិក្សាធិការជាតិទទួលបានលទ្ធផលយ៉ាងជាក់ស្ដែងគឺអត្រាសិស្សានុសិស្សថ្នាក់ទី១២ ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានកើនឡើងជារៀងរាល់ឆ្នាំជាពិសេសសិស្សជាប់និន្ទេសA។
បើតាមឯកឧត្តម ស សុខា បទពិសោធន៍ ៤៦ឆ្នាំមកនេះក៏មានន័យថា ស.ស.យ.ក. បានឆ្លងកាត់ការដឹកនាំ និងការចូលរួមពីអតីតយុវជនដ៏មានសក្ដានុពលជាច្រើននាក់ទាំងកម្រិតថ្នាក់កណ្ដាល ឬថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានដែលសុទ្ធតែបានរួមចំណែកបម្រើជាតិទាំងក្នុងវិស័យអប់រំ វប្បធម៌ និងការងារសង្គមកិច្ចជាច្រើនទៀត។ ក្នុងន័យនេះ ទន្ទឹមនឹងការបន្តសកម្មភាពបម្រើសង្គមជាតិ និងការពង្រឹងសមត្ថភាពខ្លួនឯង ឯកឧត្តមបានជំរុញយុវជន ស.ស.យ.ក. បន្តរក្សានូវការគោរព និងរៀនសូត្រពីបទពិសោធន៍របស់ចាស់ទុំ។
សូមបញ្ជាក់ថា ស.ស.យ.ក. ជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា បន្តសកម្មភាពពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងគោលបំណងប្រមូលផ្តុំយុវជនគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា ឋានៈសង្គម និងនិន្នាការនយោបាយជាកម្លាំងមហាសាមគ្គីរួមចំណែកកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ស.ស.យ.ក. ក៏ដើរតួនាទីជាតំណាងការពារសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់យុវជនកម្ពុជាទាំងខាងជីវភាព ស្មារតី និងសង្គម ទំនាក់ទំនង និងសហការល្អជាមួយអង្គការសង្គម សមាគម និងសហព័ន្ធដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជនសំដៅអប់រំលើកទឹកចិត្តយុវជនក្នុងការរៀនសូត្រ ពលកម្ម កំសាន្ត សប្បាយ និងរួមលើកកម្ពស់ការអប់រំ ថែទាំ និងសុខភាពរបស់កុមារកម្ពុជា និងទំនាក់ទំនងជាមិត្តភាព និងសហប្រតិបត្តិការទូលំទូលាយជាមួយអង្គការជាតិ អន្តរជាតិ បុគ្គល ប្រជាជន និងយុវជនប្រទេសនានាលើសកលលោកក្នុងការតស៊ូដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងអនាគតស្រស់បំព្រងរបស់យុវវ័យ៕