រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពី ក្រុមការងារចុះដោះស្រាយទំនាស់នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង បានបើកកិច្ចប្រជុំប្រកាសសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពី ក្រុមការងារចុះដោះស្រាយទំនាស់នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ប៊ន សុភី អភិបាលបាលរង ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារដោះស្រាយទំនាស់នៅក្រុងកំពង់ឆ្នាំង និងឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោកលោកស្រីសមាជិក សមាជិកា សមាជិកា ក្រុមការងារដោះស្រាយទំនាស់ក្នុងក្រុងកំពង់ឆ្នាំង អភិបាលរងក្រុង ការិយាល័យជំនាញជុំវិញក្រុង និងចៅសង្កាត់ទាំង៤ចូលរួមផងដែរ។
បន្ទាប់ពីប្រកាសសមាសភាពតាមសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង រួចមកលោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង បានឱ្យដឹងថា៖ កន្លងមកអាជ្ញាធរក្រុង បានដោះស្រាយសំណូមពរ និងទំនាស់ ឈរលើមូលដ្ឋានច្បាប់បានមួយចំនួនធំនៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង។ លោកបានបញ្ជាក់បន្តថា៖ បច្ចុប្បន្ននៅសំណូមពរ និងទំនាស់ចំនួន១១ ទៀតកន្លងមកអាជ្ញាធរក្រុង បានចុះដោះស្រាយបន្តបន្ទាប់តែមិនទាន់បានសម្រេចលទ្ធផល។ លោកក៏បានសំណូមពរឱ្យក្រុមការងារជួយដោះស្រាយបន្ត។
លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថា៖ ក្រុមការងារមានតួនាទីដោះស្រាយបញ្ចប់ទំនាស់នានាក្រៅប្រព័ន្ធតុលា បញ្ហាសណ្តាប់ធ្នាប់ និងបរិស្ថាន ជាពិសេសរក្សាសន្តិសុខជូនប្រជាពលរដ្ឋអោយបានល្អ និងការអភិវឌ្ឍនៅមូលដ្ឋានក្នុងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង ចាប់ពីថ្ងៃ ទី១ ខែវិច្ឆិកានេះតទៅ។ ក្រុមការងារត្រូវធ្វើរបាយការណ៍បូកសរុបលទ្ធផលនៃការដោះស្រាយទំនាស់ជូនលេខាធិការដ្ឋានដោះ ស្រាយទំនាស់ថ្នាក់ខេត្តនូវលទ្ធផលដែលក្រុមការងារសម្រចបាន។
លោកជំទាវ ក៏បានផ្តាំផ្ញើឱ្យ ក្រុមការងារត្រូវយកចិត្តទុកដាក់ចុះទៅដោះស្រាយទំនាស់តាមតួនាទីបច្ចេកទេស និងបទពិសោធន៍ល្អៗប្រកបដោយឆន្ទៈ តម្លាភាព ដោយឈរលើមូលដ្ឋានច្បាប់ នយោបាយឈ្នះឈ្នះអោយភាគីទាំងសងខាងទទួលយកបានទាំងអស់គ្នាដើម្បីឱ្យប្រជាពលរដ្ឋយើងរស់នៅដោយសន្តិភាព មានសេចក្តីសុខទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល។
បន្ទាប់មកលោកជំទាវ បានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងតាមសំណូមពររបស់ប្រជាពលរដ្ឋសុំបើកផ្លូវនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដើម្បីដឹងប្រវត្តិដី និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅថ្ងៃទី១ ដើម្បីដឹងប្រវត្តិដី និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕