ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ហាទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំទាំង១៣ នៃស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅសាលាស្រុករលាប្អៀរ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ បញ្ហាទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំទាំង១៣ នៃស្រុករលាប្អៀរ ដោយមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ អភិបាល អភិបាលរងស្រុក មេឃុំទាំង១៣ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុករលាប្អៀរ។
ក្នុងកិច្ចប្រជុំ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ បានដាក់ចេញយុទ្ធនាការចុះដោះស្រាយទំនាស់ និងសំណូមពរជូនប្រជាពលរដ្ឋ ដោយកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាថ្ងៃចាប់ផ្ដើមយុទ្ធនាការ ហើយខេត្តបានបង្កើតក្រុមការងារចំនួន៨ក្រុមចុះក្រុងស្រុកទាំង៨ ដែលដឹកនាំដោយអភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញ ចុះពិនិត្យស្រាវជ្រាវ និងប្រមូលព័ត៌មានទាក់ទងនឹងករណីទំនាស់ដែលមិនស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ក្រុង ស្រុកនីមួយៗ ដើម្បីពិនិត្យ ដោះស្រាយជូនប្រជាពលរដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងរួមគ្នាពិនិត្យ ដោះស្រាយសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ ការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋគឺត្រូវផ្អែកលើភស្តុតាង និងឯកសារត្រឹមត្រូវច្បាស់លាស់ ដោយឈរលើមូលដ្ឋានច្បាប់ មានភាពយុត្តិធម៌ មិនលម្អៀង និងត្រូវខិតខំសម្រុះសម្រួល ផ្សះផ្សាឲ្យអស់ពីលទ្ធភាព។ សម្រាប់ស្រុករលាប្អៀរ បញ្ហាទំនាស់ភាគច្រើនជាករណីទំនាស់ដីធ្លីរ៉ាំរ៉ៃ ដែលតម្រូវឲ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ចុះសិក្សា ស្រាវជ្រាវ ប្រមូលឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការសម្រុះសម្រួល ដោះស្រាយជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមចំនួន ៤២នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាដល់ឃុំទាំង១៣ ដោយក្នុងមួយឃុំទទួលបានថវិកាចំនួន ៥០០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare