ពលរដ្ឋស្នើសុំឯកឧត្តមអភិបាលខេត្តស្វាយរៀងមេត្តាជួយទប់ស្កាត់រថយន្តយីឌុបធុនយក្សប្រភេទវ៉េអងដឹកទំនិញគេចពន្ធបំផ្លាញ់ផ្លូវឆ្លងដែនតាមច្រករបៀងធ្លកថ្មីទៅប្រទេសវៀតណាម
(ខេត្តស្វាយរៀង )៖ ពលរដ្ឋស្នើសុំឱ្យឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងមេត្តាជួយទប់ស្កាត់រថយន្តយីឌុបធុនយក្សប្រភេទវ៉េអងជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ដឹកទំនិញគេចពន្ធបំផ្លាញផ្លូវឆ្លងដែនតាមច្រករបៀងក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ទៅប្រទេសវៀតណាមដោយគ្មានការរំខានដល់សមត្ថកិច្ចការពារព្រំដែនទេគឺទៅដោយរលូន។
បើតាមពលរដ្ឋរស់នៅភូមិធ្លកថ្មី និងអ្នកដែលរស់នៅតាមផ្លូវទៅព្រំដែនធ្លកថ្មីបានឱ្យដឹងថា ប៉ុន្មានខែក្នុងរដូវវស្សានេះមានរថយន្តយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញពេញៗទ្រុងសង្ស័យជាទំនិញគេចពន្ធដោយម្ចាស់ទំនិញដឹកទំនិញមកពេលថ្ងៃ និងពេលយប់ ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រករបៀងធ្លកថ្មីចូលទៅប្រទេសវៀតណាមយ៉ាងរលូន។
ប្រភពបន្តថា ជាពិសេសនៅ០២យប់មកហើយគឺយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានរថយន្តធុនយក្សដឹកទំនិញលោតឆត្រ តាមច្រករបៀងទៅប្រទេសវៀតណាមជាច្រើនគ្រឿងមិនមានការរំខានដល់លោកមេប៉ុស្តិ៍ព្រំដែនច្រករបៀងធ្លកថ្មី ។
មហាជនបានលើឡើងថា រថយន្តធុនយក្សដឹកទំនិញគេចពន្ធឆ្លងដែនទាំងនេះកំពុងបំផ្លាញផ្លូវជនបទ។ បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំត្នោតបានឱ្យដឹងបន្តថា មានរថយន្តយីឌុបធុនយក្សប្រភេទវ៉េអងបានចរាចរណ៍ដឹកទំនិញគេចពន្ធ មានស្ករស គ្រឿងអេឡិចត្រូនិច ក្រណាត់ ខោអាវគីប និងទំនិញផ្សេងៗជាច្រើនទៀតសង្ស័យជាទំនិញគេចពន្ធមកផ្ទេរនៅជិតប៉ុស្តិ៍ច្រករបៀងធ្លកថ្មី។
ចំណែកទំនិញជាច្រើនមុខផ្សេងទៀតគេដាក់ក្នុងទៃបិទជិតមិនអាចដឹងថា ជាទំនិញអ្វីខ្លះនិយាយថា ជាបាល់ក្រណាត់ និងសំលៀកបំពាក់គីប។ ហើយប្រជាពលរដ្ឋបានឱ្យដឹងទៀតថា រថយន្តធុនយក្សដឹកទំនិញចំណុះមិនដឹងថាប៉ុន្មានតោនទេមកដល់ព្រំដែនបានផ្ទេរទំនិញដាក់លើរថយន្ដរបស់វៀតណាមដែលចូលមកដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹកគគ្រេងឮស្នូរសម្លេងម៉ាស៊ីនទ្រហឹងជារៀងរាល់យប់ដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ។
ពលរដ្ឋបានលើកឡើងទៀតថា រថយន្តដឹកទំនិញធុនយក្សប្រភេទវ៉េអងទាំងនេះបានចរាចរណ៍បំផ្លាញផ្លូវលំជនបទស្រុតខូចជាក្រឡុកមានទឹកដក់ក្លាយទៅជារបាប់បែកភក់ជាបណ្ដើរៗ ហើយសូមឯកឧត្តមអភិបាលខេត្តមេត្តាចុះត្រួតពិនិត្យមើលផងបើគ្មានវិធានការទប់ស្កាត់ទេផ្លូវលំជនបទនិងត្រូវស្រុតខូចអស់ជាមិនខាន។ ប្រជាពលរដ្ឋបានបន្តទៀតថា រថយន្តធុនយក្សដឹកទំនិញបើកបរបំផ្លាញផ្លូវរាល់ថ្ងៃពេលមានភ្លៀងផ្លូវក៏រអិលហើយពេលផ្លូវស្ងួតបង្កហុយធូលីដីចូលផ្ទះធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។ ប្រជាពលរដ្ឋមានការសង្ស័យទៀតថា រថយន្តដឹកទំនិញជាទំនិញគេចពន្ធដោយគ្មានការបង់ពន្ធចូលរដ្ឋទេទើបផ្ទេរដឹកតាមរថយន្តបន្តនៅពេលយប់ ឆ្លងដែនតាមច្រករបៀងធ្លកថ្មីទៅប្រទេសវៀតណាម។
ប្រជាពលរដ្ឋបានសំណូមពរទៅអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់កុំឱ្យមន្ត្រីប៉ុស្តិ៍ធ្លកថ្មីបើកផ្លូវឱ្យឈ្មួញដឹកទំនិញគ្រប់ប្រភេទចេញទៅប្រទេសវៀតណាមនៅពេលថ្ងៃ និងពេលយប់ ពីព្រោះរថយន្តធំៗបានបញ្ចេញសម្លេងរំខានដល់ពួកគាត់ក្នុងការសម្រាន្តនៅពេលយប់។
ទាក់ទិនករណីនេះដែរ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារពត៌មាន បានខលតាមទូរស័ព្ទទៅសួរលោក មករា មេប៉ុស្តិ៍ព្រំដែនធ្លកថ្មី លោកមិនបានដឹងទេឥឡូវរវល់ប្រជុំនៅដោះស្រាយខាងវៀតណាម ហើយអ្នកដឹកទំនិញឈ្មោះគឿង។
ចំណែកលោកវរសេនីយ៍ឯក យ៉ន សុផល នាយនគរបាលវរការពារព្រំដែនលេខ៦០៩ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងទូរស័ព្ទចូលតែគ្មានអ្នកទទួល៕