មជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខាដែលជាជំនួយរបស់ប្រជាជនជប៉ុនត្រូវបានបើកសម្ពោធជាផ្លូវការហើយ

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមការដឹកនាំរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខាដែលពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីគណ:ប្រតិភូអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន មន្ត្រីអប់រំខេត្តព្រមទាំងលោកគ្រូ អ្នកគ្រូចូលរួមជាច្រើនផងដែរ ។

ថ្លែងក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខានេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ៖ នៅថ្ងៃនេះពិតជាមានកិត្តិយសនិងមានមោទនភាពបំផុតដោយបានប្រារព្ធពិធីសម្ពោធអគារមជ្ឈមណ្ឌលសិក្សាសហគមន៍បរយ៉ាខាដែលបានសាងសង់ឡើងក្រោមអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនជប៉ុនតាមរយ:អង្គការកុមារឥតព្រំដែនអន្តរជាតិនៅកម្ពុជា (KnK International) ក្រោមកិច្ចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ។ លោកជំទាវ អភិបាលខេត្តបានបន្តទៀតថា ៖ អគារមជ្ឈមណ្ឌលសិក្សាសហគមន៍នេះមានចំនួន៣កន្លែងគឺនៅក្នុងបរិវេណសាលាបឋមសិក្សាបរយ៉ាខា ១កន្លែង នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ១កន្លែង និងនៅភូមិដីសថ្មី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ១កន្លែងទៀត ដែលអគារទាំងនេះមានគំរូស្តង់ដាតែមួយ មានទទឹងប្រវែង១១ម៉ែត្រ បណ្តោយប្រវែង១៦ម៉ែត្រ ស្មើ៣បន្ទប់ និងបន្ទប់ទឹកចំនួន២ មានបំពាក់គ្រឿងសង្ហារឹមនិងបរិក្ខាថាមពលអគ្គិសនីគ្រប់គ្រាន់។ លោកជំទាវបានបញ្ជាក់ទៀតថា ៖ មជ្ឈមណ្ឌលសិក្សាសហគមន៍ដ៏ស្រស់បំព្រង ដែលជាជំនួយដ៏ថ្លៃថ្លានេះនឹងផ្តល់ឱកាសដល់យុវជនឱ្យចូលរៀនជំនាញវិជ្ជាជីវ:ដូចជារៀនកាត់ដេរសម្លៀកបំពាក់ សម្អាងការ ជួសជុលទូរស័ព្ទ ជួសជុលម៉ាស៊ីនត្រជាក់និងជំនាញផ្សេងៗជាច្រើនទៀតក្នុងការប្រកបមុខរបរនៅក្នុងមូលដ្ឋានជៀសវាងការធ្វើចំណាកស្រុកទៅខេត្តផ្សេងៗឬប្រទេសជិតខាងជាពិសេសរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋានផងដែរ ហើយអគារទាំងអស់នេះពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយបណ្តុះបណ្តាលយុវវ័យ នៅក្នុងខេត្តប៉ៃលិនឱ្យទទួលបាននូវផលប្រយោជន៍ដ៏ធំសម្រាប់សហគមន៍ ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ៖ នេះជាលើកទី១ហើយដែលបានធ្វើដំណើរមកក្នុងខេត្តប៉ៃលិនដោយចាប់តាំងពីប្រទេសជប៉ុនបានតែងតាំងជាអគ្គរាជទូតអស់រយ:ពេល២ឆ្នាំ នៅប្រទេសកម្ពុជាលោកមិនធ្លាប់មកខេត្តប៉ៃលិននោះឡើយ ។ ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលជប៉ុនក៏ដូចជាប្រជាជនជប៉ុនមានការសប្បាយរីករាយដែលទទួលបានកិច្ចសហការជាមួយនឹងកម្ពុជាតាមរយ:អង្គការកុមារឥតព្រំដែន ហើយនៅថ្ងៃខាងមុខក៏នឹងនៅតែបន្តបង្កើនទំនាក់ទំនងដៃគូល្អជាមួយគ្នាយ៉ាងស្អិតរមួតថែមទៀត ។

ចំណែកឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ផងដែរថា ៖ ឯកឧត្តមសូមចូលរួមកោតសរសើរ និងថ្លែងអំណរគុណដល់ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយអគារសិក្សាជូនខេត្តប៉ៃលិនដើម្បីងាយស្រួលក្នុងការស្រូបយកចំណេះដឹង ជំនាញទៅបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិត។ ឯកឧត្តមបន្តទៀតថា ៖ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់លើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវ: គឺសម្តេចបានយកវិស័យអប់រំនេះជាទី១ ក្នុងចំណោមវិស័យនានាទាំងអស់ព្រោះមានសារសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនជឿនលឿនទៅមុខទើបនៅថ្ងៃនេះ ខណ:ខាងសប្បុរសជនជប៉ុនផ្តល់អគារសិក្សាជំនាញនិងសម្ភារសិក្សាជាច្រើនជូនដល់ប្រទេសកម្ពុជា ៕





WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare