
រដ្ឋបាលឃុំរកាបានដឹកនាំក្រុមការងារសម្អាតបរិស្ថានតាមដងផ្លូវសាធារណ:ក្រោមប្រធានបទ “យើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាមិនបោះសំរាមចោលផ្តេសផ្តាស”
(ខេត្តព្រៃវែង)៖ នៅព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ នេះលោក នេត នឿន មេឃុំរកា បានដឹកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិទាំង៩ក្នុងឃុំរកា នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារភូមិ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា សម្តេចតេជោហ៊ុនសែន ស្នាយពល់ ចូលរួមសម្អាតទីធ្លាសាធារណ:ដើម្បីចូលរួមថែរក្សាការពារបរិស្ថានធ្វើយ៉ាងណាឱ្យបានស្អាតក្នុងមូលដ្ឋាន។
នាឱកាសនោះដែរលោក នេត នឿន មេឃុំរកាបានលើកឡើងថា កន្លងមកដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោក ចេម ប្រា អភិបាលស្រុកពារាំងដែលលោកតែងតែពន្យល់ណែនាំដល់បណ្តាភូមិឃុំទាំងអស់ទូទាំងស្រុកត្រូវធ្វើយ៉ាងណាជួយធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់ឱ្យមានការយល់ដឹងខ្ពស់អំពីបរិស្ថានមិនតែប៉ុណ្ណោះ លោកអភិបាលស្រុកក៏បានចាត់ចែងនូវទីតាំងទុកដាក់សំរាមជាច្រើនកន្លែងផងដែរក្នុងឃុំរកាដើម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តដឹកសំរាមមកយកទៅចោលរីឯរដ្ឋបាលឃុំរកាតែងតែធ្វើកម្មវិធីនេះជាញឹកញាប់ផងដែរ និងបានពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការចូលរួមសម្អាតបរិស្ថានដើម្បីឱ្យការរស់នៅរបស់យើងទាំងអស់គ្នាប្រកបដោយអនាម័យខ្ពស់។
លោកមេឃុំក៏បានបន្ថែមទៀតថា ការសម្អាតបរិស្ថាននេះដែររៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត សោភណ្ឌភាពស្រស់បំព្រង ការរស់នៅប្រកបដោយចីរភាព កាត់បន្ថយសំណល់ប្លាស្ទិក និងការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសំដៅធានាបាននូវសុវត្ថិភាពសាធារណៈ និងការផ្លាស់ប្តូរឥរិយាបថលើការបោះចោលសំរាមតាមទីធ្លាសាធារណៈ។
បន្ថែមពីនេះ លោក នេត នឿន មេឃុំរកាបានលើកឡើងថាចំពោះបញ្ហាទឹកដក់តាមដងផ្លូវអាជ្ញាធរឃុំបានស្នើសុំទៅខាងរដ្ឋបាលស្រុករួចហើយដើម្បីយកគ្រឿងចក្រមកឈូសឱ្យស្មើស្អាតឡើងវិញហើយក៏សូមផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាក់ដីបិទមុខទឹកដែលជាហេតុបង្កឱ្យមានទឹកដក់តាមដងផ្លូវ និងសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាពហើយកត្តាដែលសំខាន់នោះគឺការរស់នៅត្រូវប្រកាន់យកនូវចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនជាពិសេសសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ពិសេសការប្រែប្រួលអាកាសធាតុ និងបរិស្ថានផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។
ជាចុងក្រោយលោកមេឃុំរកាក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលសម្អាតបរិស្ថានអោយបានល្អជាពិសេសសូមកុំបោះចោលសំរាមផ្តេសផ្តាស ត្រូវយកសំរាមមកដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់ ចំពោះបងប្អូនប្រជាពលរដ្ឋណាដែលយកសំរាមចោលផ្តេសផ្តាសអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការផាកពិន័យទៅតាមច្បាប់កំណត់៕