ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន និងសប្បុរសជនចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងព័ត៌មាន និងសប្បុរសជនបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្សស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ អំណោយដែលនាំទៅប្រគល់ជូននាពេលនោះរួមមាន គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន និងថវិកាចំនួន ៥០លានរៀលផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណនូវការកោតសរសើរចំពោះការលះបង់របស់កងកម្លាំងប្រដាប់អាវុធដែលបានលះបង់នូវសេចក្ដីសុខរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពបរទេសមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបានផ្ដល់សេចក្ដីសុខឱ្យប្រជាជនប្រសិនបើគ្មានកងកម្លាំងប្រដាប់អាវុធឈរជើងដ៏អង់អាចប្រឆាំងនឹងជនឈ្លានពាន ច្បាស់ណាស់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនឹងមិនអាចអង្គុយធ្វើការស្រួលនោះទេ ទាំងនេះគឺជាទឹកចិត្ដមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មិនអាចបំភ្លេចបានឡើង។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនពីសំណាក់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំ បង្រួបបង្រួម ផ្សះផ្សាជាតិតាមរយៈការដាក់ចេញគោលនយោបាយឈ្នះឈ្នះរហូតធ្វើឱ្យប្រទេសកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុង បញ្ចប់អង្គការចាត់តាំងយោធាខ្មែរក្រហមនៅឆ្នាំ១៩៩៨។ ត្រង់ចំណុចនេះហើយ បទពិសោធន៍របស់កម្ពុជាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ដំណាក់កាលដែលកម្ពុជា និងថៃបានច្បាំងគ្នានៅតាមបន្ទាត់ព្រំដែនគឺបានស្តែងយ៉ាងច្បាស់ពីយុទ្ធវិធី ទេពកោសល្យ និងការដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាយើងម្នាក់បានពលី នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជាមិនបានឈរឱបដៃនោះទេពោលគឺកម្ពុជាបានប្រើប្រាស់យុទ្ធវិធីសន្តិភាពតាមរយៈការបញ្ជូនពាក្យបណ្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិ ICJ ព្រមទាំងប្រើប្រាស់វិធីការពារខ្លួន ការទូត ការត្រៀមកម្លាំងជាប់ជានិច្ចដើម្បីការពារកងទ័ពឈ្លានពានមករំលោភទឹកដីដែលអធិបតេយ្យភាព បូរណភាពទឹកដី និងការប្រើប្រាស់សមរភូមិព័ត៌មានដើម្បីវាយបកទៅលើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាកេងចំណេញលើស្មារតី សតិអារម្មណ៍។

ឯកឧត្តម នេត្រ ភក្ត្រា​ បានគូសបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជា សូមគោរពកោតសរសើរ និងដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅពីក្រោយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។ ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះមិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេតែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល»។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អះអាងថា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសគឺនៅឈរពីក្រោយខ្នង លើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងជូនដល់បងប្អូនកងកម្លាំងនៅជួរមុខជានិច្ចពោលគឺមិនឈរឱបដៃមើលពីការលំបាកណាមួយជាដាច់ខាត។ ខណៈប្រជាពលរដ្ឋជាច្រើនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមគឺបានចូលរួមជាមួយកងកម្លាំងជួរមុខតាមរយៈការលើកទឹកចិត្តបើទោះបីជាពួកគាត់មិនបានមកចូលរួមក្នុងទីលានផ្ទាល់ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺជាបង្គោលដ៏រឹងមាំ ឈរជាមួយកងទ័ពនៅជួរមុខដ៏មានភាពអង់អាចក្លាហាន ការរួមគ្នាសាមគ្គីភាពជាធ្លុងមួយប្រឆាំងនឹងជនឈ្លានពានទាំងឡាយដូច្នេះបងប្អូនកងទ័ពពិតជាមានកម្លាំងចិត្ដពីព្រោះមានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឈរពីក្រោយជាបង្អែកដ៏រឹងមាំផ្ដល់នូវការគាំពារក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្សទិសព្រះវិហារបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរចុះសួរសុខទុក្ខ និងការឧបត្ថម្ភគាំទ្រទាំងនេះដោយលើកឡើងថានេះជាការផ្តល់កម្លាំងចិត្តក្នុងពេលវេលាដ៏សំខាន់ខណៈដែលកងទ័ពជួរមុខកំពុងបំពេញកាតព្វកិច្ចក្នុងបុព្វហេតុការពារទឹកដីក្រោមស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ​និងថៃ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare